ក្រុមសេដ្ឋីដែលជាជនបរទេសរស់នៅក្នុងប្រទេសសិង្ហបុរី ពេលនេះកំពុងកាត់បន្ថយការចាយវាយហ៊ឺហាឡូយឆាយ បង្អួតសម្ញែងទ្រព្យដូចជាការទិញរបស់ប្រណីតៗ រួមមាន ផ្ទះប្រណីត រថយន្តប្រណីត និងសម្ភារប្រើប្រាស់ប្រណីតៗជាដើម ខណៈដែលធនាគារនានានៃប្រទេសដែនកោះដ៏តូចមួយនេះ កំពុងបង្កើនការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ពួកគេ ហើយកត្តានេះបានធ្វើឱ្យតម្លៃខុនដូប្រណីតនៅតំបន់ សេនតូសា ខូវ (Sentosa Cove) ធ្លាក់ចុះរហូតដល់ទៅ៤០% កាលពីអំឡុងខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ការធ្លាក់ថ្លៃយ៉ាងគំហុកនៃតម្លៃខុនដូប្រណីតខាងលើនេះ មួយផ្នែកដោយសារការដំឡើងពន្ធលើអចលនទ្រព្យ ប៉ុន្តែទន្ទឹមនេះ វាក៏ឆ្លុះបញ្ចាំងពីនិន្នាការដែលក្រុមសេដ្ឋីបរទេសនៅក្នុងប្រទេសសិង្ហបុរី កាត់បន្ថយការចាយវាយហ៊ឺហាឡូយឆាយផងដែរ ខណៈធនាគារនានាក្រោមការចង្អុលបង្ហាញពីអាជ្ញាធរជាតិ សិង្ហបុរី បង្កើនការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់សេដ្ឋីទាំងនោះ ដែលជាអតិថិជនរបស់ខ្លួន បន្ទាប់ពីផ្ទុះករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដែលត្រូវបានរកឃើញកាលពីខែសីហា ឆ្នាំ២០២៣។
ករណីដ៏កក្រើកនោះពាក់ព័ន្ធនឹងការលាងលុយកខ្វក់ជាង៣ពាន់លានដុល្លារសិង្ហបុរី ឬ ជាង២ពាន់លានដុល្លារអាម៉េរិក តាមរយៈស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសសិង្ហបុរី។ ជាការឆ្លើយតប អាជ្ញាធរសិង្ហបុរី កំពុងទាមទារព័ត៌មានលម្អិតបន្ថែមពីបណ្ដាការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និងមូលនិធិវិនិយោគ ខណៈដែលធនាគារនានា កំពុងបង្កើនការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើអតិថិជនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន។
ប្រការនេះបាននាំឱ្យគ្រួសារសេដ្ឋីចិន មួយចំនួនចូលចិត្តជ្រើសយកក្រុងហុងកុង ជាងប្រទេសសិង្ហបុរី ធ្វើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។
ជាលទ្ធផល ការលក់ផ្ទះប្រណីតដែលផ្ទះមួយមានតម្លៃតម្លៃជិត៤លានដុល្លារអាម៉េរិក បានធ្លាក់ចុះរហូតដល់ទៅ៥០% ក្នុងត្រីមាសទី១ ខណៈដែលការទិញពីសំណាក់ជនបរទេសបានធ្លាក់ចុះរហូតដល់៩៨%។ ទន្ទឹមនេះ ការលក់រថយន្តប្រណីតៗក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕