រថយន្តថ្មី ដែលដាក់លក់នៅប្រទេសចិន ភាគច្រើនជារថយន្តអគ្គិសនី និងរថយន្តកូនកាត់។ នេះជាលើកដំបូងហើយ ដែលប្រទេសចិន មានរថយន្តអគ្គិសនី និងរថយន្តកូនកាត់ដាក់លក់នៅលើទីផ្សារច្រើនជាងរថយន្តដើរដោយថាមពលឥន្ធនៈ។ ការលក់រថយន្តរបស់ចិន នៅក្នុងខែកក្កដា កន្លងទៅ ធ្លាក់ចុះជិត៣% មកនៅត្រឹមជាង១លាន ៧សែនគ្រឿង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ទិន្នន័យរបស់សមាគមរថយន្តដឹកអ្នកដំណើររបស់ចិន ដែលចេញផ្សាយកាលពីពេលថ្មីៗបានបង្ហាញថា ការលក់រថយន្តថ្មីនៅប្រទេសចិន ជាងពាក់ព័ន្ធជាប្រភេទរថយន្តអគ្គិសនី និងរថយន្តកូនកាត់ ដែលបានក្តោបចំណែកទីផ្សាររហូតដល់៥១% នៃការលក់រថយន្តថ្មីសរុបនៅក្នុងខែកក្កដា កន្លងទៅ។ ចំនួននេះមានការកើនឡើង៣៦% បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា រថយន្តអគ្គិសនីលក់ដាច់ជាងរថយន្តកូនកាត់ដែលមានអត្រារហូតដល់២៨%។ យ៉ាងណាមិញបើយោងតាមតួលេខនៃការលក់ និងចែកចាយរថយន្តប្រចាំខែរបស់ក្រុមហ៊ុន BYD ក្រុមហ៊ុន Li Auto និងក្រុមហ៊ុនរថយន្តផ្សេងទៀតបានបង្ហាញថា អ្នកប្រើប្រាស់រថយន្តនៅចិនចូលចិត្តរថយន្តអគ្គិសនីជាងរថយន្តកូនកាត់។
យ៉ាងណាក៏ដោយ ទីផ្សារលក់រថយន្តទាំងមូលនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំជាងគេលើពិភពលោកនៅពេញមួយខែកក្កដា មានការធ្លាក់ជិត៣% មកនៅត្រឹមជាង១លាន ៧សែនគ្រឿង បើធៀបបរិមាណលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការលក់រថយន្តដើរដោយថាមពលស្អាតកើនឡើងជិត៣៧% ឡើងដល់ជិត៨៨ម៉ឺនគ្រឿង៕