Alynana Media Cambodia
Icon Collap
clinic narit

ឡាវគ្រោងបង្កើតធនាគារមាស ដើម្បីធានាទុនបម្រុងជាមាស និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ

Media LNN | Aug 14, 2024
ឡាវគ្រោងបង្កើតធនាគារមាស ដើម្បីធានាទុនបម្រុងជាមាស និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ
Clinic narith

ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនសរុបត្រឹមតែប្រមាណជិត៨លាននាក់ គ្រោងបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊ែង (Lao Bullion Bank) ដើម្បីកសាងទុនបម្រុងជាមាស ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងរក្សាស្ថិរភាពតម្លៃលុយគីប (Kip) ដែលជារូបិយប័ណ្ណជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។

ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគ PTL Holding ដើម្បីបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊ែង (Lao Bullion Bank)។ ការបង្កើតធនាគារមាសនេះ នឹងរួមចំណែកអនុវត្តចក្ខុវិស័យរបស់បក្ស និងរដ្ឋាភិបាលក្នុងន័យរក្សា និងបង្កើតស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដែលនឹងបញ្ចេញសក្ដានុពលនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ និងរតនាគារ ពង្រឹងតម្លៃប្រាក់គីប ព្រមទាំងបង្កើនការកៀរគរប្រភពមូលនិធិ និងសន្ទនីយភាពផងដែរ។

ទូរទស្សន៍ជាតិរបស់ឡាវ បានផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ធនាគារមាសនេះនឹងជួយដោះស្រាយបញ្ហារអាក់រអួលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកើតមានឡើងដើម្បីអាចជម្នះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន។ ធនាគារនេះនឹងអនុញ្ញាតឱ្យទាំងរូបវន្តបុគ្គល និងនីតិបុគ្គលដាក់ផ្ញើមាសរបស់ពួកគេ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដែលផ្តល់ដោយធនាគារនេះ ដោយពង្រឹងតួនាទីរបស់ធនាគារនេះជាស្ថាប័នកណ្តាលនៅក្នុងទីផ្សារមាស។

ធនាគារនេះក៏នឹងកំណត់ស្ដង់ដារសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគមាសផងដែរ ដោយទាក់ទាញភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។ តាមការរំពឹងទុក ធនាគារនេះនឹងចាប់ផ្តើមដំណើរការផ្ដល់សេវាកម្មដំណាក់កាលទី១ នៅខែកញ្ញា និងប្រតិបត្តិការពេញលេញនៅខែវិច្ឆិកា ចុងឆ្នាំ២០២៤៕