ដើម្បីសម្រេចគោលដៅដ៏មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី (EV) ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលថៃ កំពុងស្វាគមន៍បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន និងបច្ចេកវិទ្យានវានុវត្តន៍ថ្មីរបស់ក្រុមហ៊ុនទាំងនោះដោយក្ដីសាទរ ដើម្បីរួមបញ្ចូលជាមួយខ្សែសង្វាក់ឧស្សាហកម្មក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី (EV) ឱ្យបានរហូតដល់៣០%នៃផលិតកម្មរថយន្តសរុបរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០។ លោកស្រី ពីមផាត្រា វិឆៃគុល (Pimphattra Wichaikul) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃបានអះអាងថា រដ្ឋាភិបាលថៃ លើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនរថយន្តអគ្គិសនីចិន ដែលមានសមត្ថភាពខ្លាំងផ្នែកផលិតកម្មមកបង្កើតរោងចក្រ និងទីស្នាក់ការថ្នាក់តំបន់របស់ពួកគេនៅប្រទេសថៃ ក្រោយការសន្យាជួយផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដើម្បីគាំទ្រដល់កំណើនរបស់ពួកគេ។
ថ្លែងនៅឯវេទិកាមួយកាលពីពេលថ្មីៗនេះ លោកស្រី ពីមផាត្រា វិឆៃគុល (Pimphattra Wichaikul) បានកត់សម្គាល់ពីតួនាទីដ៏សំខាន់នៃឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសថៃ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន។ លោកស្រីបានគូសបញ្ជាក់ថា វានឹងមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ពលរដ្ឋថៃ ជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយផងដែរ។
កាលពីខែកុម្ភៈ លោក ស៊្រីថា ថាវីស៊ីន ពេលលោកនៅជានាយករដ្ឋមន្ត្រីថៃបានបង្ហាញ "ចក្ខុវិស័យប្រទេសថៃ" ជាមួយមហិច្ឆតាចង់ប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ មជ្ឈមណ្ឌលសេវាវេជ្ជសាស្រ្ត មជ្ឈមណ្ឌលចំណីអាហារ មជ្ឈមណ្ឌលអាកាសចរណ៍ មជ្ឈមណ្ឌលភ័ស្តុភារកម្មមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុងតំបន់។ លោក សេដ្ឋា ថាវីស៊ីន មានគោលដៅប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីធំបំផុតនៅក្នុងតំបន់នាពេលអនាគត ដែលមានបំណងទាក់ទាញការវិនិយោគបរទេសជិត២៩ពាន់លានដុល្លារអាម៉េរិក។ អាជ្ញាធរថៃ បានឱ្យដឹងថា កាលពីឆ្នាំមុន រថយន្តអគ្គិសនីប្រមាណ៧ម៉ឺន៦ពាន់គ្រឿងត្រូវបានលក់នៅក្នុងប្រទេសថៃ ដែលក្នុងនោះប្រមាណ៨០%នៃរថយន្តអគ្គិសនីដែលលក់ចេញជាផលិតផលរបស់ប្រទេសចិន៕