រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេនៅកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលរថយន្តនេះជាប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ឯកឧត្តមបានឱ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា ជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន ZO MOTORS ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ធ្វើការវិនិយោគមុនគេ នៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនីនេះ។
តំណាងក្រុមហ៊ុន ZO MOTORS (Cambodia) បញ្ជាក់ថា៖ «យើងជឿជាក់ថា ក្រោមការអភិវឌ្ឍឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យភស្តុភារកម្ម ក៏ដូចជាខិតខំបន្តការពង្រឹងដំណែងរបស់ខ្លួនលើវិស័យភស្តុភារកម្មក្នុងតំបន់ ក្នុងរយៈពេលខ្លីខាងមុខកម្ពុជានឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មកជាការដឹកជញ្ជូនដោយថាមពលបៃតងយ៉ាងពេញលេញ។ ជាសំណាងបំផុត ដែលក្រុមហ៊ុនយើងបានមកកាន់កម្ពុជាក្នុងវេលាដ៏សក្តិសមនេះ ហើយត្រៀមរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលស្អាតជាមួយកម្ពុជាយ៉ាងពិតប្រាកដ»។
សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង។
សូមជម្រាបជូនផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនចិន BYD ក៏គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន២ម៉ឺនគ្រឿងក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ៕