Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃកាហ្វេហក់ឡើងលើស៤ពាន់ដុល្លារ ក្នុង១តោន នៅលើទីផ្សារអន្តរជាតិ?

Media LNN | Aug 20, 2024
តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃកាហ្វេហក់ឡើងលើស៤ពាន់ដុល្លារ ក្នុង១តោន នៅលើទីផ្សារអន្តរជាតិ?
Clinic narith

បច្ចុប្បន្នកាហ្វេ គឺជាមុខទំនិញដ៏សំខាន់មួយមិនអាចខ្វះបាន ព្រោះមនុស្សស្ទើរតែពេញមួយដែនដីទៅហើយដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ មិនថា ប្រុសស្រី ក្មេង ឬចាស់នោះទេ ខណៈពេលនេះតម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងយ៉ាងគំហុក។ តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យតម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បែបនេះ?

ក្រុមអ្នកវិភាគ និងអ្នកជំនាញក្នុងឧស្សាហកម្មកាហ្វេ បានលើកឡើងថា តម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិ ទំនងជាមានការប្រែប្រួល ពោលគឺបន្តហក់ឡើងរហូតដល់ចុងឆ្នាំ២០២៤ ដោយសារកត្តាចម្បងមួយចំនួន រួមមាន អាកាសធាតុមិនអំណោយផល ឧបសគ្គក្នុងការដឹកជញ្ជូន និងបទប្បញ្ញត្តិបរិស្ថានកាន់តែតឹងរ៉ឹងជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

អ្នកជំនាញខ្លះបានបង្ហាញក្ដីរំពឹងថា ទីផ្សារកាហ្វេនៅលើទីផ្សារអន្តរជាតិ នឹងមានការធូរស្រាលនៅឆ្នាំ២០២៥ ប៉ុន្តែការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀតអាចនឹងធ្វើឱ្យតម្លៃហក់ឡើងកាន់តែខ្ពស់ក្នុងរយៈពេលវែង។ តម្លៃកាហ្វេបានហក់ឡើងថ្លៃយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយ​ការកត់សម្គាល់ កាហ្វេរ៉ូប៊ូស្ដា (Robusta) នៅទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីអំឡុងខែកក្កដា។

កាហ្វេ រ៉ូប៊ូស្ដា បន្តជួញដូរក្នុងតម្លៃលើសពី៤ពាន់ដុល្លារអាម៉េរិក ក្នុង១តោន ខណៈការជួញដូរសម្រាប់កាហ្វេ អារ៉ាប៊ីកា (Arabica) នៅទីផ្សារសហរដ្ឋអាម៉េរិក មានតម្លៃជាង៤ដុល្លារ ក្នុង១គីឡូក្រាម នៅក្នុងខែនេះ។

អ្នកជំនាញបានលើកឡើងថា ការហក់ឡើងថ្លៃខ្ពស់នេះ បណ្ដាលមកពីកត្តាចម្បងមួយចំនួន រួមមានផលិតកម្មកាហ្វេ នៅប្រទេសវៀតណាម ដែលជាអ្នកផលិតធំបំផុតទី២ របស់ពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបាតុភូតអ៊ែលនីណូ (El Nino) កាលពីឆ្នាំមុន និងកត្តាពន្យារពេលដឹកជញ្ជូនដោយសារការផ្លាស់ប្តូរផ្លូវដឹកជញ្ជូន ព្រោះភ័យខ្លាចការវាយប្រហារនៅសមុទ្រក្រហមស្របពេលមានសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា៕