Alynana Media Cambodia
Icon Collap
clinic narit

ម៉ាឡេស៊ី ប្រកាសផ្អាកវិនិយោគលើចម្ការដូងប្រេងថ្មីៗ ដើម្បីរក្សាគម្របព្រៃឈើ និងបរិស្ថាន

Media LNN | Aug 20, 2024
ម៉ាឡេស៊ី ប្រកាសផ្អាកវិនិយោគលើចម្ការដូងប្រេងថ្មីៗ ដើម្បីរក្សាគម្របព្រៃឈើ និងបរិស្ថាន
Clinic narith

ប្រទេសម៉ាឡេស៊ី បានសន្យាបញ្ឈប់ដំណើរការវិនិយោគលើគម្រោងដាំដូងប្រេងថ្មីៗនៅក្នុងតំបន់ព្រៃឈើ ដើម្បីគាំទ្រដល់និរន្តរភាព និងរក្សាគម្របព្រៃឈើបច្ចុប្បន្នរបស់ម៉ាឡេស៊ី ឲ្យបានត្រឹម៥៤%។ មកដល់ពេលនេះ ការនាំចេញផលិតផលដែលផលិតពីដូងប្រេងរបស់ម៉ាឡេស៊ី មានតម្លៃសរុបប្រមាណជា២៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge។

លោក ដាឌុក សេរី ចូហារី អាបឌុល ហ្គានី (Datuk Seri Johari Abdul Ghani) រដ្ឋមន្រ្តីក្រសួងកសិកម្មម៉ាឡេស៊ី បានអះអាងថា ដំណាំដូងប្រេងដែលប្រមូលផលពីតំបន់កាប់ព្រៃឈើថ្មីៗ នឹងត្រូវហាមឃាត់មិនឱ្យចូលក្នុងដំណើរការផលិតកម្មនៅតាមបណ្តារោងចក្រផលិតកម្មដូងប្រេងជាដាច់ខាត។ ការដាក់ចេញចំណាត់ការបែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាគម្របព្រៃឈើនៅក្នុងប្រទេសឲ្យបានត្រឹម៥៤% ដើម្បីបង្កើនការការពារជីវចម្រុះ រួមទាំងការការពារសត្វស្វាកម្រមួយប្រភេទ។

លោក ចូហារី បានសង្កត់ធ្ងន់ថា ការដាក់ចេញវិធានការបែបនេះ ក៏ដើម្បីធានាថា ការនាំចេញផលិតផលប្រេងដូងទាំងអស់របស់ម៉ាឡេស៊ី បានគោរពតាមស្តង់ដា​និរន្តរភាពនៃបរិស្ថាន និងជីវចម្រុះ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការឆ្លើយតបនឹងបញ្ហានៃការធ្វើពាណិជ្ជកម្មដំណាំដូងប្រេង​។

បច្ចុប្បន្នដំណាំដូងប្រេងដ៏ធំបំផុតនៅម៉ាឡេស៊ី គឺនៅតំបន់សាបាហ្វ ( Sabah ) ដែលមានចម្ការដូងប្រេងប្រមាណជា១,៥លានហិកតា ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ឧស្សាហកម្មប្រេងដូងរបស់ម៉ាឡេស៊ី បានប្រឈមនឹងការរិះគន់ និងការឃោសនាអវិជ្ជមានពីបណ្តាប្រទេសលោកខាងលិចមួយចំនួន ទាក់ទងនឹងនិរន្តរភាពរបស់វា។ ដំណាំដូងប្រេងនៅម៉ាឡេស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយមានប្រមាណ៣% នៃផលិតផលក្នុងស្រុកសរុប ជាមួយការបង្កើតប្រាក់ចំណូលសរុបប្រមាណជា២៣ពាន់លានដុល្លារ និងផ្តល់ការងារប្រហែល១លាននាក់៕