Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញចេកអំបូងលឿង ឱ្យធ្លាក់ចុះជាង២០% នៅ៧ខែឆ្នាំនេះ?

Media LNN | Aug 21, 2024
តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញចេកអំបូងលឿង ឱ្យធ្លាក់ចុះជាង២០% នៅ៧ខែឆ្នាំនេះ?
Clinic narith

ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង១៤ម៉ឺន ៣ពាន់តោន គិតជាទឹកប្រាក់មានទំហំជាង៩៦លានដុល្លារ នៅ៧ខែឆ្នាំនេះ ធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ឱ្យធ្លាក់ចុះជាង២០%នៅ៧ខែឆ្នាំនេះ?

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មានចំនួនជាង១៤ម៉ឺន ៣ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង៩៦លានដុល្លារ មានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កត្តាដែលធ្វើឱ្យការនាំចេញចេកអំបូងលឿនរបស់កម្ពុជា មានការថយចុះនេះ គឺដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលចេកមានការធ្លាក់ចុះ គួបផ្សំមានការប្រកួតប្រជែងដណ្តើមទីផ្សារនាំចេញទៅកាន់ប្រទេសចិន ពីសំណាក់ប្រទេសវៀតណាម។ យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២៥ ខាងមុខ។

​ពាក់ព័ន្ធបញ្ហានេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគក្នុងវិស័យកសិកម្ម និងជាអ្នកដាំចេញអំបូងម្នាក់នៅកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញចេកអំបូងលឿងទៅទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនអ្នកឧកញ៉ានៅ៧ខែឆ្នាំនេះ មានការថយចុះប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ អ្នជំនាញរូបនេះកត់សម្គាល់ឃើញថា បញ្ហាអាកាសធាតុឡើងកម្តៅ និងការខ្វះខាតទឹកដែលបង្កឡើងដោយបាតុភូតអែលនីណូ បានធ្វើឱ្យទិន្នផលចេកមានការថយចុះស្ទើរតែទូទាំងប្រទេស ហើយបញ្ហានេះគួបផ្សំជាមួយតម្លៃចេកនៅលើទីផ្សារធ្លាក់ថ្លៃផងនោះ បានធ្វើឱ្យម្ចាស់ចម្ការមួយចំនួនរារែកក្នុងការបង្កើនការដាំដុះដំណាំចេកនៅឆ្នាំនេះ។

​គួរបញ្ជាក់ថា នៅក្នុងឆមាស១ឆ្នាំ២០២៤ កន្លងទៅ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦លានតោន មានការកើនឡើងជាង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយរកចំណូលបានជាង២,៨ពាន់លានដុល្លារ។ កសិផលរបស់កម្ពុជា ភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម៕