មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក នៅពេលនេះកំពុងជួបវិបត្តិគ្មានការងារធ្វើធ្ងន់ធ្ងរ ដែលរុញច្រានឱ្យនិស្សិតបញ្ចប់ការសិក្សារាប់លាននាក់ ត្រូវបង្ខំចិត្តធ្វើការជាមួយប្រាក់ខែទាប ដែលមិនស័ក្ដិសមនឹងសមត្ថភាពរបស់ពួកគេ ឬក៏ទាត់ខ្យល់ ដេកស៊ីប្រាក់សោធនិវត្តន៍របស់ឪពុកម្ដាយ ដែលក្រុមនេះត្រូវបានគេហៅថា “និស្សិតត្រដរខ្យល់” ឬ Rotten-tail Kids។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាច្រើន។
“និស្សិតត្រដរខ្យល់”សំដៅលើយុវជននៅប្រទេសចិន ជាពិសេសនិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យដែលកំពុងជួបការលំបាកក្នុងការស្វែងរកការងារដែលមានស្ថិរភាព និងប្រាក់បៀវត្សរ៍ល្អសមរម្យធ្វើ ដោយសារការកើនឡើងនៃអត្រាគ្មានការងារធ្វើរបស់យុវជន ហើយវាបានក្លាយជាពាក្យដ៏ពេញនិយមលើបណ្ដាញទំនាក់ទំនងសង្គមចិន។
នៅឆ្នាំនេះ និស្សិតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន កំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងទីផ្សារការងារ ដែលបាននិងកំពុងចុះខ្សោយដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវិស័យអប់រំក្នុងប្រទេសនេះនាពេលកន្លងមក។
អត្រាគ្មានការងារធ្វើរបស់យុវជនដែលមានអាយុពី១៦ឆ្នាំ ដល់២៤ឆ្នាំ បានកើនលើស២០% ជាលើកដំបូងកាលពីអំឡុងខែមេសា ឆ្នាំមុន ហើយបានឈានដល់កម្រិតកំណត់ត្រា២១,៣% កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដែលនាំឱ្យក្រុមមន្ត្រីរដ្ឋាភិបាលចិន ផ្អាករាយការណ៍ពីទិន្នន័យដើម្បីវាយតម្លៃ និងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ អត្រាគ្មានការងារធ្វើនៅប្រទេសចិន បានកើនឡើងដល់១៧,១% ខណៈដែលនិស្សិតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យជាង១១លាននាក់ហក់ចូលក្នុងទីផ្សារការងារ ស្របពេលដែលសេដ្ឋកិច្ចចិន កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិអចលនទ្រព្យ។
ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្វែងរកការងារសម្រាប់យុវជន ដោយរដ្ឋាភិបាលចិន បានជំរុញឱ្យបង្កើនការរៀបចំពិព័រណ៍ការងារ និងដាក់ចេញគោលនយោបាយគាំទ្រអាជីវកម្មដើម្បីបង្កើនការជ្រើសរើសបុគ្គលិក។
ទោះជាយ៉ាងណា និស្សិតបញ្ចប់ការសិក្សាជាច្រើនកំពុងពិបាកស្វែងរកការងារដែលទទួលបានប្រាក់ខែខ្ពស់ខ្លាំងណាស់ ហើយជាលទ្ធផលនិស្សិតបញ្ចប់ការសិក្សាខ្លះបានវិលត្រលប់ទៅស្រុកកំណើតវិញ ដើរទាត់ខ្យល់ ដោយត្រូវរស់ដេកស៊ីប្រាក់សោធននិវត្តន៍ និងប្រាក់សន្សំរបស់ឪពុកម្ដាយពួកគេ៕