Alynana Media Cambodia
Icon Collap
clinic narit

តើអ្នកជំនាញយល់ឃើញបែបណា ចំពោះការបន្តការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥?

Media LNN | Aug 24, 2024
តើអ្នកជំនាញយល់ឃើញបែបណា ចំពោះការបន្តការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥?
Clinic narith

ក្រោយមើលឃើញពីស្ថានភាពរបស់វិស័យទេសចរណ៍កម្ពុជា ពិសេសនៅខេត្តសៀមរាប នៅមិនទាន់មានភាពល្អប្រសើរឡើងវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធមួយចំនួនសម្រាប់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានសាទរចំពោះការបន្តវិធានការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនេះ និងបានស្នើសុំឱ្យរាជរដ្ឋាភិបាលអនុវត្តវិធានការនេះ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រកម្ពុជា ផងដែរ ដ្បិតថា ប្រតិបត្តិករទេសចរណ៍នៅទីនោះ ក៏ជួបបញ្ហាប្រឈមដូចគ្នានេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធមួយចំនួនសម្រាប់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប រយៈពេល១ឆ្នាំបន្ថែមទៀត ពោលគឺនឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាជួយស្ដារវិស័យទេសចរណ៍នៅក្នុងខេត្តនេះ។ ក្រៅពីការលើកលែងពន្ធ រាជរដ្ឋាភិបាល ក៏បានបញ្ចេញទុន៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបផងដែរ។

​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបន្តសុពលភាពលើកលែងពន្ធដល់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាបនេះ ព្រោះវាអាចជួយបន្ធូរបន្ថយទុក្ខលំបាករបស់អ្នកប្រតិបត្តិករនៅក្នុងវិស័យនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលគិតគូរលើការលើកលែងពន្ធដល់អាជីវកម្មទេសចរណ៍នេះ សម្រាប់បណ្តាខេត្តនៅជាប់មាត់សមុទ្រផងដែរ ពីព្រោះអាជីវកម្មទេសចរណ៍នៅតំបន់នោះក៏ជួបបញ្ហាប្រឈមជាច្រើនផងដែរ។

​ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនានៅតំបន់រមណីយដ្ឋានអង្គរផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា ទោះជាវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នមិនទាន់ត្រូវបានស្តារឡើងវិញទាំងស្រុងដូចមុនវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែចំនួនទេសចរមកកាន់ប្រទេសកម្ពុជា មានកំណើនវិជ្ជមានជាលំដាប់ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៤ នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ជាង៣,២លាននាក់ កើនឡើងជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕