ដោយសារការកើតឡើងនូវវិបត្ដិកូវីដ១៩ វិបតិ្ដភូមិសាស្ដ្រនយោបាយសកល បានធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់គួរឲ្យកត់សម្គាល់។ ប៉ុន្ដែយ៉ាងណាក្រោយភាពធូរស្រាលនៃបញ្ហាខាងលើ ក៏បានធ្វើឲ្យកំណើតសេដ្ឋកិច្ចឆាប់ផ្ដើមមានភាពវិជ្ជមានឡើងវិញផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។
ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។
សូមជម្រាបថា បើទោះទទួលរងនូវផលរំខានពាក់ព័ន្ធ នឹងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ, វិបត្តិភូមិសាស្ត្រនយោបាយ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ តែកម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា ៣.១ ភាគរយនៅឆ្នាំ២០២១, ៥.១នៅឆ្នាំ២០២២ និង ៥ ភាគរយនៅឆ្នាំ២០២៣៕