Alynana Media Cambodia
Icon Collap
clinic narit

ទំនិញចិនរាប់រយតោនកំពុងហូរចូលទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការតភ្ជាប់ផ្លូវដែក

Media LNN | Aug 29, 2024
ទំនិញចិនរាប់រយតោនកំពុងហូរចូលទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការតភ្ជាប់ផ្លូវដែក
Clinic narith

ការតភ្ជាប់ផ្លូវដែកល្បឿនលឿនឡាវ និងចិន ហើយបន្តទៅប្រទេសថៃ បានក្លាយទៅជាច្រកនៃការហូរចូលទំនិញចិនថោកៗដ៏សម្បើមមកកាន់ទីផ្សារនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ននៅក្នុង១ថ្ងៃ ចិនអាចផ្គត់ផ្គង់បន្លែស្រស់រហូតដល់៤០០តោនមកកាន់ទីផ្សារអាស៊ីអគ្នេយ៍ ដែលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់តំបន់នេះ។ តើផ្លូវដែកពិតជាក្លាយជាច្រកនៃរំហូរចូលទំនិញចិនថោកៗមកកាន់តំបន់អាស៊ានមែន ឬ?

សារព័ត៌មាន Laotian Times បានរាយការណ៍ថា ថ្មីៗនេះប្រទេសចិន បានណែនាំសេវាកម្មរថភ្លើងដឹកទំនិញតាមទូរកកជាលើកដំបូងរបស់ខ្លួនពីខេត្តយូណាន ទៅកាន់ប្រទេសឡាវ តាមរយៈផ្លូវដែកល្បឿនលឿនឡាវ-ចិន ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញពីចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍។ រថភ្លើង ដែលបានចាកចេញពីទីក្រុងយូស៊ី ក្នុងខេត្តយូណាន កាលពីថ្ងៃទី២៣ ខែសីហា បានពាំនាំទំនិញជាបន្លែស្រស់ៗរហូតដល់ទៅ៤០០តោន មកកាន់ទីក្រុងវៀងច័ន្ទ ហើយបន្តដំណើរទៅទីក្រុងបាងកក។

តាមរយៈច្រកដ៏មានសក្តានុពលនេះ លោក ចាង ជីឡាន ( Zhang Guilan) នាយករងការិយាល័យពាណិជ្ជកម្មក្រុងយូស៊ី ខេត្តយូណាន បានអះអាងថា ទីក្រុងនេះមានបំណងដឹកជញ្ជូនផ្លែឈើ និងបន្លែមានគុណភាពខ្ពស់រហូតដល់ទៅជាង៥ម៉ឺនតោន ជារៀងរាល់ឆ្នាំ ទៅកាន់ប្រទេសផ្សេងៗក្នុងឧបទ្វីបឥណ្ឌូចិន តាមរយៈផ្លូវរថភ្លើងនេះ។

ដោយឡែក លោក ស៊ូ ជីហ្វេង ( Xu Jiefeng )ប្រធាននាយកដ្ឋាននៃមជ្ឈមណ្ឌលភស្តុភារកម្ម នៅទីក្រុងគុនមីង បានគូសបញ្ជាក់ថា បណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនេះមិនត្រឹមតែបំពេញតាមតម្រូវការរបស់អតិថិជនសម្រាប់ការរក្សាសីតុណ្ហភាព នៃទំនិញកកប៉ុណ្ណោះទេ ប៉ុន្តែថែមអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងសម្រាប់តំបន់ផងដែរ។ លោកបានឲ្យដឹងថា ចាប់តាំងពីដាក់ឲ្យដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១មក ផ្លូវដែកឡាវ-ចិន បានដឹកជញ្ជូនទំនិញជាង១០លានតោនរួចមកហើយ។

ដោយឡែក បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post បានរាយការណ៍ថា កំណាត់ផ្លូវដែកឡាវ-ចិន-ថៃ នេះ កំពុងតែក្លាយជាច្រកហូរចេញនៃផលិតផលកសិកម្មតម្លៃថោកៗរបស់ចិនកាន់តែច្រើនមកកាន់ទីផ្សារក្នុងតំបន់។ កសិផល និងទំនិញប្រើប្រាស់ថោកៗពីប្រទេសចិន បានហូរចូលប្រទេសថៃ តាមរយៈរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ហើយបានជន់លិចទីផ្សារក្នុងស្រុកនៅភាគឦសាននៃប្រទេសថៃ ដោយធ្វើឱ្យម្ចាស់អាជីវកម្មក្នុងស្រុកប្រឈមមុខនឹងបញ្ហាជាច្រើន។

របាយការណ៍បាននិយាយថា ផលិតផលចិនត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ភាគឦសាននៃប្រទេសថៃពីប្រទេសឡាវ តាមខ្សែរថភ្លើងល្បឿនលឿន ដោយចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយនៅពេលនេះ ផ្លែប៉ោម ទំពាំងបាយជូ ផ្លែទទឹម ក្រូច ស្ពៃក្តោប ម្ទេសប្លោក និងផ្សិតជាច្រើនប្រភេទបានហូរចាក់ពេញទីផ្សារនៅភាគឦសាន៕