(កំពង់ស្ពឺ)៖ ក្រុមវិនិយោគខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងសិក្សា និងគ្រោងវិនិយោគលើទឹកប្រាក់ប្រមាណ៥០លានដុល្លារបន្ថែម ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមខ្លឹមសារនៅក្នុងជំនួបរវាងអភិបាលខេត្តកំពង់ស្ពឺ និងក្រុមវិនិយោគចិន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឱ្យដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំង ប្រទេសចិនលោក XIA RUZHONG បានសម្រេចទម្លាក់ទុនវិនិយោគដ៏ច្រើននេះនៅក្នុងកំពង់ស្ពឺ គឺក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគ នៅក្នុងប្រទេសវៀតណាមចំនួន៨លើក និងប្រទេសថៃចំនួន២លើក។
អភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា កម្ពុជាជាប្រទេសទីមួយ និងចុងក្រោយ ដែលលោក XIA RUZHONG បានមកដល់ និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលមកដល់ប្រទេសកម្ពុជា។ លោកថាក្រោយមកដល់ទឹកដីកម្ពុជា អ្នកវិនិយោគ និងក្រុមការងារ បានសម្រេចទម្លាក់ទុន និងជ្រើសយកស្រុកសំរោងទង ជាស្រុកគោលដៅ និងតាំងរោងចក្រផលិតតែម្តង។
ក្នុងជំនួបនោះលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់បណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។
លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០%ជាជនជាតិចិន។
ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺ មានការជឿទុកចិត្ត នៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕