(កំពត)៖ សមិទ្ធផលទេសចរណ៍ថ្មីឯកមួយទៀតហើយ បានលេចត្រដែតឡើងនៅខេត្តកំពត បន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹក គឺនាឡិកាខ្នាតធំកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺលេខនាឡិកា រចនាជាលេខខ្មែរ និងមានពាក្យ «អរគុណសន្តិភាព» នៅខាងក្រោមមុខនាឡិកា។
នាឡិកាដ៏ខ្ពស់បំផុតនេះ នឹងត្រូវបានដំឡើងរួចរាល់នៅថ្ងៃទី២៩ ខែសីហានេះ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ សំណង់នាឡិកានេះ នឹងធ្វើឱ្យខេត្តកំពត កាន់តែមានភាពទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្ត ជាពិសេសក្នុងរដូវភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះ។
សូមជម្រាបថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្ដមបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕