របាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បង្ហាញថា មហាយក្សចិន នៅពេលនេះបានក្លាយជាប្រទេសឈានមុខគេទូទាំងពិភពលោកលើផ្នែកសិក្សាស្រាវជ្រាវបច្ចេកវិទ្យាសំខាន់ៗ ដោយគ្របដណ្ដប់រហូតដល់ទៅជិត៩០% គួរឱ្យភ្ញាក់ផ្អើល ហើយវិទ្យាស្ថាននេះ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួនក្នុងតំបន់អាស៊ី រួមទាំង ប្រទេសជប៉ុន និងកូរ៉េខាងត្បួងផង ប្រឹងប្រែងធ្វើការរួមគ្នាដើម្បីតាមឱ្យទាន់មហាយក្សចិន។
របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា បានឱ្យដឹងថា កម្មវិធីតាមដានបច្ចេកវិទ្យាសំខាន់ៗ នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បានវាយតម្លៃការប្រកួតប្រជែងផ្នែកសិក្សាស្រាវជ្រាវរបស់ប្រទេសនានា ជុំវិញពិភពលោក ដោយផ្អែកលើចំនួននៃការដកស្រង់ឯកសារស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗចំនួន៦៤ប្រភេទ។
ជាលទ្ធផលបង្ហាញថា ប្រទេសចិន ដណ្តើមបានតំណែងកំពូលផ្នែកស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗចំនួន៥៧ប្រភេទ ដែលស្មើនឹងជិត៩០% នៃរបាយការណ៍សិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានចេញផ្សាយនៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
នេះបង្ហាញពីរបត់ដ៏សំខាន់មួយពីសម័យកាលចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដែលកាលនោះសហរដ្ឋអាម៉េរិក បាននាំមុខគេក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាចំនួន៦០ប្រភេទ ក្នុងចំណោម៦៤ប្រភេទ ខណៈដែលប្រទេសចិន បាននាំមុខគេត្រឹមតែ៣ប្រភេទប៉ុណ្ណោះ។ សម្រាប់សម័យកាលចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សហរដ្ឋអាម៉េរិក បាននាំមុខគេត្រឹមតែ៧ប្រភេទប៉ុណ្ណោះរួមទាំង Quantum Computing ដែលជាបច្ចេកវិទ្យាពឺងផ្អែកលើច្បាប់ Quantum Machanics ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញខ្លាំងដែលលើសពីសមត្ថភាពសម្រាប់កុំព្យូទ័រធម្មតា និងជីវបច្ចេកវិទ្យា ព្រមទាំងបច្ចេកវិទ្យាហ្សែន និងវ៉ាក់សាំងផងដែរ។
មហាយក្សចិន បានបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្នុងបច្ចេកវិទ្យាប្រើប្រាស់បាន២គោលបំណងដែលមាន App សម្រាប់ប្រើប្រាស់ក្នុងគោលបំណងយោធាផងដែរ។
សូមបញ្ជាក់ថា មានបច្ចេកវិទ្យាចំនួន២៤ប្រភេទ ដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ ប្រសិនបើត្រូវបានគ្រប់គ្រងលើសលប់ដោយប្រទេសមួយ ហើយបច្ចេកវិទ្យាទាំងនោះរួមមានទាំងរ៉ាដា ការកំណត់ទីតាំងផ្កាយរណប និងដ្រូន ឬយន្តហោះគ្មានមនុស្សបើក។
សម្រាប់ឯកសារដកស្រង់ស្ដីពីការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្វែងរក និងតាមដានយន្តហោះលឿនជាសំឡេង ប្រទេសចិន មានចំណែកគ្រប់ដណ្ដប់រហូតដល់ទៅ៧៣% ខណៈដែលសហរដ្ឋអាម៉េរិក មានត្រឹមតែ១៣% ហើយចក្រភពអង់គ្លេស មានត្រឹមតែ៣%ប៉ុណ្ណោះ។ ទន្ទឹមនេះសម្រាប់ការសិក្សាស្រាវជ្រាវអំពីម៉ាស៊ីនយន្តហោះដ៏ទំនើប មហាយក្សចិន បាននាំមុខគេដាច់ដោយមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៦៣% ខណៈសហរដ្ឋអាម៉េរិក មានត្រឹមតែ៧%៕