Alynana Media Cambodia
Icon Collap
clinic narit

ក្រៅពីបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច តើរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ស៊ីន ត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះទៀត?

Media LNN | Sep 02, 2024
ក្រៅពីបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច តើរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ស៊ីន ត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះទៀត?
Clinic narith

ក្រៅពីប្រឈមនឹងសភាពការណ៍នៃការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស រដ្ឋាភិបាលថ្មីថៃក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីដែលទើបជ្រើសតាំងដោយសភា កាលពីចុងខែសីហា កន្លងទៅនេះ ត្រូវប្រឈមមុខដោះស្រាយបញ្ហាដ៏ធំមួយទៀត គឺបញ្ហាប្រេងឥន្ធនៈ។ បច្ចុប្បន្នប្រជាពលរដ្ឋថៃ កំពុងរង់ចាំមើលថា តើរដ្ឋាភិបាលថ្មីរបស់ថៃ មានគោលនយោបាយ និងការឧបត្ថម្ភធនយ៉ាងណាចំពោះប្រេងឥន្ធនៈ។

សារព័ត៌មាន the Nation បានរាយការណ៍ថា បញ្ហាមូលនិធិថាមពលប្រេងឥន្ធនៈដែលបានបន្សល់ ទុក គឺជារឿងដ៏ឈឺក្បាលមួយដែលរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវបន្តរ៉ាប់រង។ បញ្ហានេះ ក៏ជាមូលហេតុដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ រក្សាបេក្ខភាពរដ្ឋមន្រ្តីក្រសួងថាមពលឱ្យនៅដដែល។

អ្នកវិភាគបានបង្ហើបថា សមាសភាពគណរដ្ឋមន្រ្តីថ្មី ដែលលោកស្រី ផែថងថាន បានបង្ហើបកាលពីថ្ងៃសុក្រ មុខតំណែងជារដ្ឋមន្ត្រីថាមពល គឺនៅតែដឹកនាំដោយលោក ភីរ៉ាផាន សាលីរ៉ាថាវីបាចា (Pirapan Salirathavibhaga)។ ការរក្សាដំណែងនេះ គឺដើម្បីឲ្យលោកទទួលបន្ទុកគោលនយោបាយទាក់ទងនឹងថាមពល ជាពិសេសការកំណត់តម្លៃលក់រាយប្រេងម៉ាស៊ូត ដើម្បីជួយកាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋតាមគោលនយោបាយរបស់គណបក្សភឿថៃ។

លោក ភីរ៉ាផាន មកពីគណបក្សរួមថៃសាងជាតិ បានកាន់កាប់ក្រសួងនេះតាំងពីខែសីហា ឆ្នាំ២០២៣ ក្នុងអំឡុងពេលរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ស៊្រីថា ថាវេស៊ីន អតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែង។ ពេលទទួលបានការតែងតាំងភ្លាម រដ្ឋមន្ត្រីថាមពលរូបនេះ បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយកំណត់តម្លៃប្រេងម៉ាស៊ូតភ្លាមៗ ដោយមួយលីត្រមានតម្លៃមិនឱ្យលើសពី០,៨៨ដុល្លារ ដោយប្រើប្រាស់ប្រាក់ពីមូលនិធិប្រេងឥន្ធនៈដើម្បីឧបត្ថម្ភធន។

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា មុនពេលវិធានការនេះត្រូវបានដាក់ឱ្យដំណើរការ មូលនិធិប្រេងឥន្ធនៈមានឱនភាពត្រឹមតែជាង១ពាន់៦រយលានដុល្លារប៉ុណ្ណោះ ហើយកាលនោះប្រេងម៉ាស៊ូតមួយលីត្រមានតម្លៃដល់ទៅជិត១ដុល្លារ ប៉ុន្តែក្រោយពេលដែលកម្មវិធីនេះបានដាក់ចេញមូលនិធិនេះមានឱនភាពរហូតដល់ជាង៣ពាន់លានដុល្លារ ឬការចំណាយរបស់រដ្ឋាភិបាលថៃ មានទំហំធំជាងចំណូល ដែលទទួលបានពីវិស័យនេះ។

បើនិយាយអំពីឱនភាពនៃមូលនិធិគឺកើនឡើងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គម្រោងឧបត្ថម្ភធន នេះ គឺបានទទួលផលសេដ្ឋកិច្ចតបស្នងមកវិញប្រមាណ​ជាង១១លានដុល្លារនៅក្នុងមួយថ្ងៃ ដូច្នេះប្រសិនបើស្ថានការណ៍នៅតែបន្តបែបនេះចរន្តសេដ្ឋកិច្ចនឹងកាន់តែប្រសើរ ជាពិសេសគឺនៅក្នុងចំណោម អ្នកប្រើប្រាស់ប្រេងឥន្ធនៈ។

អ្នកវិភាគកំពុងតាមដានការសម្រេចចិត្តថ្មីរបស់លោក ភីរ៉ាផាន ថាតើលោកនឹងសម្រេចចិត្តយ៉ាងណានៅ លើបញ្ហាមូលនិធិឧបត្ថម្ភប្រេងនៅក្រោមរដ្ឋបាលដែលដឹកនាំដោយលោកស្រី ផែថងថាន ស្របពេលដែល ឱនភាពមូលនិធិបន្តកើនឡើងបែបនេះ៕