Alynana Media Cambodia
Icon Collap
clinic narit

យុគសម័យ នៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតជិតឈានដល់ទីបញ្ចប់ ក្រោយធនាគារកណ្ដាលទូទាំងពិភពលោកត្រៀមបញ្ចុះអត្រាការប្រាក់

Media LNN | Sep 03, 2024
យុគសម័យ នៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតជិតឈានដល់ទីបញ្ចប់ ក្រោយធនាគារកណ្ដាលទូទាំងពិភពលោកត្រៀមបញ្ចុះអត្រាការប្រាក់
Clinic narith

យុគសម័យនៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រជិតឈានដល់ទីបញ្ចប់ហើយ ខណៈដែលធនាគារកណ្ដាលនានាទូទាំងពិភពលោកត្រៀម ឬ បន្តបញ្ចុះអត្រាការប្រាក់របស់ខ្លួននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ដែលចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ហើយវាជាអ្វីដែលបណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

មានការរំពឹងទុកខ្ពស់ និងយ៉ាងទូលំទូលាយថា នៅខែកញ្ញា នេះ ធនាគារកណ្តាលអាម៉េរិក នឹងចូលរួមជាមួយបណ្តាធនាគារកណ្ដាលទូទាំងពិភពលោករួមទាំងធនាគារកណ្ដាលអឺរ៉ុប ធនាគារកណ្ដាលអង់គ្លេស ធនាគារកណ្ដាលចិន ធនាគារកណ្ដាលស្វីស និងធនាគារកណ្ដាលជាច្រើនទៀត ដើម្បីបញ្ចុះអត្រាការប្រាក់គោលដែលបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៧-២០០៨ មក។

ទីផ្សាររូបិយប័ណ្ណបានបង្ហាញក្ដីរំពឹងរួចទៅហើយថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់​។ ប៉ុន្តែកាលពីសប្ដាហ៍មុន បណ្ដាវិនិយោគិនបានបង្ហាញទំនុកចិត្តកាន់តែខ្លាំងថា ច្បាស់ណាស់ថា ការបញ្ចុះអត្រាការប្រាក់នឹងកើតមានឡើងក្នុងពេលដ៏ខ្លីខាងមុខដោយចៀសមិនផុត។

បណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមដោយបានបង្ហាញក្ដីរំពឹងថា ការបញ្ចុះអត្រាការប្រាក់នឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងជួយគាំទ្រដល់ផ្សារហ៊ុននានា ប៉ុន្តែទន្ទឹមនេះវិនិយោគិនខ្លះក៏បង្ហាញការព្រួយបារម្ភផងដែរថា ការបញ្ចុះអត្រាការប្រាក់ទាំងនេះ ក៏អាចបង្ហាញពីទិន្នន័យសេដ្ឋកិច្ចចុះខ្សោយផងដែរ។ នៅពេលនេះ ក្ដីបារម្ភដ៏ចម្បងដែលបណ្ដាវិនិយោគិនផ្ដោតការយកចិត្តទុកដាក់បំផុតនោះគឺ ថាតើការបញ្ចុះអត្រាការប្រាក់ទាំងនេះនឹងជះផលប៉ះពាល់ដល់ទីផ្សារហ៊ុន និងតម្លៃរូបិយប័ណ្ណបែបណា៕