Alynana Media Cambodia
Icon Collap
clinic narit

បំណុលរបស់រដ្ឋាភិបាលអាម៉េរិក ស្ទុះឡើងជាង៦៨៤ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ

Media LNN | Sep 10, 2024
បំណុលរបស់រដ្ឋាភិបាលអាម៉េរិក ស្ទុះឡើងជាង៦៨៤ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ
Clinic narith

បំណុលជាតិ សរុបរបស់សហរដ្ឋអាម៉េរិក បានកើនឡើងជាង៦៨៤ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ដែលធ្វើឱ្យបំណុលជាតិ សរុបរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី១របស់ពិភពលោកមួយនេះ កើនលើសកម្រិតពិដានគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយដោយ The Daily Hodl ដែលជាគេហទំព័រឈានមុខគេផ្នែកព័ត៌មាន និងការវិភាគជុំវិញពិភពលោកពាក់ព័ន្ធបញ្ហារូបិយប័ណ្ណឌីជីថល ឬគ្រីបតូ និងបច្ចេកវិទ្យា Blockchain ។ តើពេលនេះបំណុលជាតិសរុបរបស់សហរដ្ឋអាម៉េរិក មានទំហំធំកម្រិតណា?

យោងតាមក្រសួងរតនាគារអាម៉េរិក បានឱ្យដឹងថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងយ៉ាងគំហុកពីជាង៣៤,៦ទ្រីលានដុល្លារ នៅថ្ងៃទី៣ ខែមិថុនា ឈានដល់ជាង៣៥,៣ទី្រលានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ពោលគឺកើនឡើងរហូតដល់ទៅជាង៦៨៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែកន្លងមកនេះ។

ការកើនឡើងយ៉ាងសម្បើមនេះ កើតឡើងក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីបំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានកើនលើស៣៥ទ្រីលានដុល្លារ។ ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា ហ្វិច (Fitch) បានបន្តព្រមានថា ការកើនឡើងបំណុល និងឱនភាពពាណិជ្ជកម្មនៅក្នុងប្រទេសនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភជាខ្លាំង។

ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទាន Fitch និយាយថា ខ្លួននឹងរក្សាទុកកម្រិតវាយតម្លៃគុណភាពឥណទាន "AA+" របស់ខ្លួនសម្រាប់សហរដ្ឋអាម៉េរិក ជាមួយនឹងទស្សនវិស័យស្ថិរភាពដោយសារប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗរបស់ប្រទេសនេះ នៅតែខ្ពស់។

ទោះជាយ៉ាងណា ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទាន Fitch បានបញ្ជាក់ថា ខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដំឡើងកម្រិតវាយតម្លៃគុណភាពឥណទាន "AAA" សម្រាប់ប្រទេសនេះនៅឡើយទេ ដោយសារស្ថានភាពសារពើពន្ធរបស់ប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា។

ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទាន Fitch បានធ្វើការកត់សម្គាល់ថា សហរដ្ឋអាម៉េរិក នៅតែមានប្រៀបជាងប្រទេសផ្សេងៗដោយសារតែប្រាក់ដុល្លារ ជារូបិយបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក។ ប៉ុន្តែទន្ទឹមនេះ ទំនុកចិត្តលើសហរដ្ឋអាម៉េរិក និងប្រាក់ដុល្លារអាចនឹងធ្លាក់ចុះ ប្រសិនបើប្រទេសនេះ នៅតែបន្តពឹងផ្អែកលើបំណុល ដើម្បីផ្ដល់ហិរញ្ញប្បទានសម្រាប់ការចំណាយរបស់ខ្លួន៕