Alynana Media Cambodia
Icon Collap
clinic narit

បំណុលកម្ពុជានៅក្រៅប្រទេសកើនដល់១១,១៦ពាន់លានដុល្លារ ដោយចិន​ជាម្ចាស់បំណុលធំជាងគេ

Media LNN | Sep 13, 2024
បំណុលកម្ពុជានៅក្រៅប្រទេសកើនដល់១១,១៦ពាន់លានដុល្លារ ដោយចិន​ជាម្ចាស់បំណុលធំជាងគេ
Clinic narith

(ភ្នំពេញ)៖ បំណុលសាធារណៈរបស់កម្ពុជានៅប្រទេសបានកើនទំហំ១១,១៦ពាន់លានដុល្លារអាម៉េរិក។ ទំហំនេះ គឺគិតចាប់ពីឆ្នាំ១៩៩៣ មកត្រឹមឆមាសទីមួយឆ្នាំ២០២៤។​ នេះបើយោងតាមព្រឹត្តិបត្តិស្ថិតិបំណុលកម្ពុជា​ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញថា កម្ពុជាគឺជំពាក់លុយប្រទេសចិនច្រើនជាងគេមានរហូត​៣៦ភាគរយនៃបំណុលក្រៅសរុបរបស់ខ្លួន។​

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់ចំនួន ៣១៣,៧៨ លានដុល្លារអាម៉េរិក(សមមូលនឹង ២៣៧,៥៥ លានអេសដេអ៊ែ)ស្មើនឹងប្រមាណ ១៤ភាគរយ នៃ ពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)។ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ៨៩ភាគរយ និងក្របខ័ណ្ឌពហុភាគី ១១ភាគរយ។ ទំហំកម្ចីនេះ បានថយចុះប្រមាណ ៦០ភាគរយ បើបើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។

ព្រឹត្តិបត្តិស្ថិតិបំណុលកម្ពុជា​ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនាថ្ងៃទី១២ ខែកញ្ញា បានបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ប្រមាណ ៥៦ភាគរយ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ទំហំឥណទានថ្មីទាំងនេះ បានធ្វើបំណុលក្រៅប្រទេសរបស់កម្ពុជាកើនដល់​១១,២៧ពាន់លាន ដែលគិតចាប់តាំងពីឆ្នាំ១៩៩៣មកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២៤។  ក្នុងនោះ មាន១១,១៦ពាន់លានដុល្លារ (ស្មើនឹង៩៩ភាគរយ) ជាបំណុលរបស់កម្ពុជានៅក្រៅបរទេស។ ព្រឹត្តិបត្តិស្ថិតិបំណុលកម្ពុជាបានសរសេររៀបរាប់ថា ក្នុងចំណោមបំណុលក្រៅប្រទេសទាំងនោះ មាន៦៣ភាគរយ (ប្រមាណ៧០៣០លានដុល្លារ) ជាបំណុលក្របខ័ណ្ឌទ្វេភាគី។ រីឯ បំណុលក្នុងក្របខ័ណ្ឌពហុភាគី មាន៣៧ភាគរយ (ប្រមាណ៤១៣០លានដុល្លារ)។​

បើតាមស្ថិតិដដែល ប្រទេសចិនគឺជាម្ចាស់បំណុលធំជាងរបស់កម្ពុជាក្នុងក្របខ័ណ្ឌឥណទានទ្វេភាគី។ គិតនៅត្រឹមដំណាច់ឆមាសទីមួយ ឆ្នាំ២០២៤ កម្ពុជាបានជំពាក់លុយប្រទេសចិនរហូតដល់៤០០០លានដុល្លារ ស្មើនឹង៣៦ភាគរយនៃបំណុលក្រៅប្រទេសសរុប។ បន្ទាប់ គឺប្រទេសជប៉ុនដែលបានកម្ពុជាជំពាក់លុយ១ ២២៧លានដុល្លារ ស្មើនឹង១១ភាគរយនៃបំណុលក្រៅប្រទេសសរុប ខណៈជំពាក់កូរ៉េខាងត្បូង៥៥៨លានដុល្លារ និងជំពាក់បារាំងក្នុងចំនួន៤៤៦,៤លានដុល្លារ។  

ក្នុងក្របខ័ណ្ឌពហុភាគីវិញ, កម្ពុជាជំពាក់ធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រមាណ ២ ៤៥៥,២លានដុល្លារ ស្មើនឹង២២ភាគរយនៃបំណុលក្រៅប្រទេសសរុបរបស់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ជំពាក់លុយធនាគារពិភពលោក( World Bank ) ចំនួន ១៣៣៩,២លានដុល្លារ ស្មើនឹង១២ភាគរយ និងជំពាក់ស្ថាប័នអន្តរជាតិផ្សេងៗទៀត មាន៣៣៤,៨លានដុល្លារ ស្មើនឹង៣ភាគរយនៃបំណុលក្រៅប្រទេសសរុបរបស់កម្ពុជា។

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានាបច្ចុប្បន្ន ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈ វាយតម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងអារម្ភកថានៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ រួមមាន៖ ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង់ប្រតិបត្តិការ និងទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម។

បើតាមលោករដ្ឋមន្ត្រីសេដ្ឋកិច្ច​ បច្ចុប្បន្នរដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣​ ជាពិសេស គោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ និងទាំងការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងការគ្របគ្រងការវិនិយោគសាធារណៈ​ ផងដែរ។  

គោលការណ៍គន្លឹះទាំង៥នោះរួមមាន ១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រំទ្របាន, ២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម,​ ៤៖ ប្រើប្រាស់ឥណទានប្រកប​ដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​ស័ក្តិសិទ្ធភាពខ្ពស់បំផុត​។ 

រីឯគន្លឹះសំខាន់ទី៥៖ គឺការប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៥ខាងលើ, ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិ ឆ្នាំ២០១៤ នឹងធ្វើឱ្យសមត្ថភាពខ្ចីរបស់កម្ពុជាកើនខ្ពស់ជាងមុន។ ការណ៍នេះ  នឹងផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលអាចកៀរគរ ហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការវិនិយោគសាធារណៈ ក្នុងវិស័យ អាទិភាព សំដៅរួមចំណែកល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែង។ នេះជាការលើកឡើងរបស់លោកប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈ ដែលបានអះអាងថា ទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេច បង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រថ្មីស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤- ២០២៨» ដើម្បីធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ។ ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានកំណត់លើការខ្ចីប្រាក់ពីបរទេស​មិនឱ្យលើពី២៧០០លានដុល្លារក្នុងមួយឆ្នាំឡើយ។

ឯកសារយុទ្ធសាស្ត្រថ្មីស្តីពីការគ្រប់គ្រងបំណុលនេះ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត ចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។  យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ រួមមានទាំងការខ្ចីប្រាក់ពីគេ, ការឱ្យប្រាក់គេខ្ចី, ការធានារបស់រដ្ឋ, និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុលជាយថាហេតុ។ 

សម្រាប់យុទ្ធសាស្ត្រថ្មីនេះ ក៏តាមដានលើស្ថានភាព និងនិន្នាការនៃបំណុលរបស់វិស័យឯកជន សំដៅរួមចំណែកគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលមធ្យម និងវែង ផងដែរ។ នៅក្នុងយុទ្ធសាស្ត្រស្តីពី៖ «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» បានកំណត់យ៉ាងច្បាស់នូវពិតាននៃការខ្ចីលុយប្រចាំឆ្នាំរបស់កម្ពុជា។ 

ក្នុងនោះ​ រដ្ឋាភិបាលបានកំណត់លើការខ្ចីប្រាក់ពីស្ថាប័ន និងដៃគូអភិវឌ្ឍក្រៅប្រទេសក្នុងរង្វង់ពី១,៧ពាន់លានអេសដេអ៊ែ(ប្រមាណ២៣០០លានដុល្លារ) ដល់ ២ពាន់លានអេសដេអ៊ែ(ប្រមាណ២៧០០លានដុល្លារ)ក្នុងមួយឆ្នាំ។ ​ ប៉ុន្តែក្នុងកាលៈទេសៈចាំបាច់ កម្ពុជាអាចបង្កើនការខ្ចីលុយពីបរទេសប្រចាំឆ្នាំ ​ដល់២,៥ពាន់លានអេសដេអ៊ែ(ប្រមាណជាង៣ ៣០០លានដុល្លារ)។ 

យ៉ាងណាមិញ នៅក្នុងឯកសារយុទ្ធសាស្ត្រថ្មីនៃការគ្រប់គ្រងសាធារណៈនេះ បានកំណត់រដ្ឋាភិបាលមិនឱ្យ លុយពីបរទេសលើសពីចំនួន១០ពាន់លានអេសដេអ៊ែឡើយ(សមមូលនឹងប្រមាណ ១៣,៥ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេល៥ឆ្នាំឡើយ ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨៕