(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំ ស្តីពី ការអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍។
សេចក្ដីណែនាំនេះបានឲ្យដឹងថា ក្នុងគោលបំណងជួយសម្រាលបន្ទុក របស់ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការជួលយន្តហោះ ពីក្រុមហ៊ុនក្រៅប្រទេស ក៏ដូចជាដើម្បីជួយសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំ អំពីការអនុវត្តពន្ធកាត់ទុក និងអាករពិសេស ដូចខាងក្រោម៖
១៖ បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះ ពីក្រៅប្រទេសមកប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។
២៖ បន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាស ដោយពុំគិតថា ការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។
៣៖ ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧៕