ប្រាក់ដុល្លារនៅពេលនេះ បានធ្លាក់ថ្លៃ ហើយហាងឆេងមាសបានហក់ឡើងខ្ពស់ជិតឈានដល់កម្រិតកំណត់ត្រា ខណៈទីផ្សារពិភពលោកដាក់ក្ដីរំពឹងកាន់តែខ្លាំងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ក្នុងទំហំធំនៅសប្ដាហ៍ក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
បណ្ដាវិនិយោគិនធំៗទូទាំងពិភពលោក បានដាក់ក្ដីរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងទំហំធំគួរឱ្យភ្ញាក់ផ្អើលនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយថា សេចក្ដីសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិក ក្នុងការបញ្ចុះអត្រាការប្រាក់អាចនឹងលើសពីការរំពឹងទុក។
យោងតាមទិន្នន័យរបស់ផ្សារមូលបត្រក្រុងឡុងដ៍ ហៅកាត់ថា LSEG បង្ហាញថា បណ្ដាវិនិយោគិនបានបង្កើនក្ដីរំពឹងទុករបស់ខ្លួនឈានដល់៣៩% ថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់រហូតដល់ទៅ០,៥០% នៅថ្ងៃទី១៨ ខែកញ្ញា ដ៏ខ្លីខាងមុខនេះ ដោយកើនឡើងពី០,២៨% ដែលត្រូវបានចុះផ្សាយមុននេះដោយសារព័ត៌មានធំៗ រួមមាន Financial Times និង Wall Street Journal។
លោក តូនី ស៊ីខាម័រ (Tony Sycamore) អ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាជួញដូរ និងហិរញ្ញវត្ថុអនឡាញអន្តរជាតិ IG Group បានធ្វើការកត់សម្គាល់ថា មុននេះគ្រប់គ្នាសុទ្ធតែរំពឹងទុកថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥% ប៉ុន្តែពេលនេះគ្រប់គ្នាបង្កើនក្ដីរំពឹងកាន់តែខ្ពស់ថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងទំហំធំរហូតដល់ទៅ០,៥០%ឯណោះ។
ស្ថានភាពនេះបានធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ០,៤២% ឈានដល់១៤១,២២យ៉េន ក្នុងមួយដុល្លារ ជិតឈានដល់កម្រិតទាប១៤០,៧១យ៉េន ក្នុងមួយដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានសម្រាប់ឆ្នាំ២០២៤ នេះ។
ទន្ទឹមនេះសន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណនេះធៀបនឹងប្រាក់យ៉េន របស់ជប៉ុន និងរូបិយប័ណ្ណជាគូប្រជែងសំខាន់ៗចំនួនប្រាំផ្សេងទៀត ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតប្រចាំសប្ដាហ៍ផងដែរ។
ចំណែកឯហាងឆេងមាសនៅលើទីផ្សារអន្តរជាតិវិញ គឺបានហក់ឡើងជិតឈានដល់កម្រិតកំណត់ត្រាផងដែរ ដោយហក់ឡើងដល់ជិត២.៥៦០ ដុល្លារអាម៉េរិក ក្នុងមួយអោន ឬប្រមាណ៣.១២០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង៕