នៅក្នុងឆ្នាំ២០២៤ នេះ កម្ពុជាបានដាក់គោលដៅនាំចេញអង្ករឲ្យបានចំនួន៨០ម៉ឺនតោន ខណៈមកទល់ពេលនេះការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ទើបសម្រេចបានជាង៥០% នៃផែនការ៨០ម៉ឺនតោនតែប៉ុណ្ណោះ។ តើការដាក់គោលដៅនាំចេញអង្ករឲ្យបាន៨០ម៉ឺនតោន នៅឆ្នាំនេះ អាចសម្រេចបានដែរឬទេ?
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះការនាំចេញអង្កររបស់កម្ពុជា ទើបសម្រេចបានប្រមាណជាង៥០% នៃផែនការ៨០ម៉ឺនតោនប៉ុណ្ណោះ។ តាមរយៈលទ្ធផលនេះគេអាចវាយតម្លៃបានថា កម្ពុជាទំនងជាពិបាកក្នុងការឈានទៅសម្រេចគោលដៅនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះ។
បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ផែនការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំនេះអាចសម្រេចបាន ឬមិនបាន វាអាស្រ័យលើសភាពការណ៍ពិភពលោក ព្រោះនៅមួយរយៈចុងក្រោយបញ្ហាថ្មីៗបានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសភាពតានតឹងនៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនអង្កររបស់កម្ពុជា ទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ប្រើរយៈពេលជាង២០ថ្ងៃ បានអូសបន្លាយពេលរហូតដល់ជាង៥០ថ្ងៃ ដែលនេះអាចជាបញ្ហាប្រឈមមួយសម្រាប់ការនាំចេញរបស់កម្ពុជា។
យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានជាង៤១ម៉ឺនតោន ដោយរកចំណូលបាន៣០៥លានដុល្លារ។ អង្កររបស់កម្ពុជាត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន៥៣ ទៅកាន់គោលដៅចំនួន៦៥ ក្នុងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បានស្រូបយកអង្ករកម្ពុជាច្រើនជាងគេ បន្ទាប់មកចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវសើមទៅកាន់ប្រទេសជិតខាងបានចំនួនជាង៣លាន៣០ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានប្រមាណជាង៩១៨លានដុល្លារ ដែលក្នុងនោះជិត៨៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕