Alynana Media Cambodia
Icon Collap
clinic narit

តើចិន ពិតជាធ្វើឲ្យកោះហុងកុង លែងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅអាស៊ីមែនឫ?

Media LNN | Sep 17, 2024
តើចិន ពិតជាធ្វើឲ្យកោះហុងកុង លែងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅអាស៊ីមែនឫ?
Clinic narith

កោះហុងកុង កំពុងប្រឈមមុខនឹងការបាត់បង់ភាពប្រកួតប្រជែង និងឧត្តមភាពក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ី ដោយសារចិន នៅតែស្ថិតនៅក្នុងហានិភ័យនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។ នៅក្នុងស្ថានភាពបែបនេះ ជប៉ុន ឥណ្ឌា និង សិង្ហបុរី ត្រូវបានគេអះអាងថា កំពុងតែបង្កើនសមត្ថភាពប្រកួតប្រជែងគ្នាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីជំនួសហុងកុង ចំពេលពិភពលោកកំពុងកើតមានភាពមិនប្រាកដប្រជាជាសកល ហើយវិនិយោគិនជាច្រើនកំពុងសម្លឹងរកមើលទីជម្រកវិនិយោគថ្មីលើវិស័យហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nikkei Asia។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយក្រុមស្រាវជ្រាវ និងវិភាគរបស់ក្រុមការងារ Economist Intelligence Unit បានឱ្យដឹងថា ប្រទេសជប៉ុន ឥណ្ឌា និងសិង្ហបុរី កំពុងត្រៀមខ្លួនក្លាយជាអ្នកឈ្នះក្នុងការប្រជែងដណ្តើមតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ី ខណៈដែលទីផ្សារចិន ជាពិសេសកោះហុងកុង នៅតែបន្តប្រឈមមុខនឹងហានិភ័យភូមិសាស្ត្រនយោបាយ។

របាយការណ៍នេះបានវាយតម្លៃលើការរំពឹងទុកសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ចំពេលមានការប្រឈមកាន់តែខ្លាំងនៅក្នុងទីផ្សារអន្តរជាតិ នៅពេលដែលជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បន្តអូសបន្លាយ ហើយអាជ្ញាធរចិន បានរឹតបន្តឹងការក្តោបក្តាប់របស់ពួកគេលើទីក្រុងហុងកុង។

របាយការណ៍បានគូសបញ្ជាក់ថា ចំពេលមានភាពមិនប្រាកដប្រជាជាសកល វិនិយោគិនជាច្រើន បានសម្លឹងមើលការបង្កើនហានិភ័យនៅក្នុងប្រទេសចិន ហើយពួកគេជាច្រើនបានចាប់ផ្តើមពង្រីកផលបត្ររបស់ពួកគេទៅកាន់ទីផ្សារអាស៊ីផ្សេងដែលមានស្ថានភាពវិជ្ជមានជាងហុងកុង ។

របាយការណ៍ របស់ក្រុមការងារ Economist Intelligence Unit បាននិយាយថា ខណៈពេលដែលកត្តាភូមិសាស្ត្រនយោបាយនឹងបន្តបង្កបញ្ហាប្រឈមសម្រាប់ប្រទេសចិន និងហុងកុង ក្រុមការងារជឿជាក់ថា ទីផ្សារមូលធននៅក្នុងប្រទេសជប៉ុន និងឥណ្ឌានឹងបន្តរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រភពដដែលបានបន្តថា លើសពីនេះទៅទៀត សិង្ហបុរី ក៏នឹងក្លាយជាកន្លែងដែលនឹងបន្តទទួលសេវាកម្មអាជីវកម្មហិរញ្ញវត្ថុជាច្រើនផងដែរនៅពេលដែលពួកគេរើចេញពីហុងកុង។

មកដល់ពេលនេះ ទីក្រុងហុងកុង ត្រូវបានគេដឹងថា គឺជាដែនដីរដ្ឋបាលពិសេសមួយ ដែលមានស្វ័យភាពខ្លាំងជាងគេនៅក្នុងចំណោមរដ្ឋបាលពិសេសនានា នៅក្នុងប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ កោះនេះ ក៏រងទម្ងន់នៃការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំងផងដែរ។ ក្រោយកោះហុងកុងរងសម្ពាធ សិង្ហបុរីបានពង្រឹងជំហររបស់ខ្លួន ដោយរង់ចាំត្រងទទួលបានអត្ថប្រយោជន៍ពីការរឹតបន្តឹងរបស់ប្រទេសចិន លើហុងកុង។ ក្រៅពីបញ្ហាគ្រប់គ្រង វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជំរុញដោយការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តបន្ថែមទៀតមកលើទីក្រុងហុងកុងដែរ៕