Alynana Media Cambodia
Icon Collap
clinic narit

អាម៉េរិកគ្រោងទិញចូលប្រេងរហូតដល់៦លានបារ៉ែល ដើម្បីបំពេញស្តុកប្រេងរបស់ខ្លួន ស្របពេលតម្លៃប្រេងចុះថោក

Media LNN | Sep 19, 2024
អាម៉េរិកគ្រោងទិញចូលប្រេងរហូតដល់៦លានបារ៉ែល ដើម្បីបំពេញស្តុកប្រេងរបស់ខ្លួន ស្របពេលតម្លៃប្រេងចុះថោក
Clinic narith

រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន មានផែនការទិញចូលប្រេងរហូតដល់ទៅ៦លានបារ៉ែលសម្រាប់ស្តុកប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួន បន្ទាប់ពីបានសម្រុកលក់ចេញច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២២ ដើម្បីសង្គ្រោះទីផ្សារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

​​​ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា រដ្ឋបាលរបស់លោក ចូ បៃឌិន អាចនឹងប្រកាសនៅថ្ងៃពុធ ទី១៨ ខែកញ្ញា នូវផែនការទិញចូលប្រេងសម្រាប់បំពេញស្តុកប្រេង បៃយ៉ូ ឆក់ថ (Bayou Choctaw) ស្ថិតក្នុងរដ្ឋល្វីស៊ីអេណា (Louisiana) ជាទីតាំងមួយក្នុងចំណោមទីតាំងស្តុកប្រេងយុទ្ធសាស្ត្រ (SPR) ធំៗទាំង៤របស់សហរដ្ឋអាម៉េរិក ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋខាងលើ និងរដ្ឋតិចសាស។

ប្រភពដដែលបានឱ្យដឹងទៀតថា សហរដ្ឋអាម៉េរិកនឹងប្រមូលទិញចូលប្រេងពីក្រុមហ៊ុនថាមពលនានាដែលការប្រគល់ប្រេងអាចនឹងធ្វើឡើងនៅប៉ុន្មានខែដំបូងដើមឆ្នាំ២០២៥។ ក្រសួងថាមពលអាម៉េរិក សម្រុកទិញចូលប្រេង ស្របពេលដែលតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះទាបជាង៧៩,៩៩ដុល្លារ ក្នុងមួយបារ៉ែល ជាតម្លៃគោលដៅដែលខ្លួនចង់ទិញចូលប្រេងត្រលប់មកវិញ បន្ទាប់ពីខ្លួនបានលក់ចេញរហួតដល់ទៅ១៨០លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្ត្រ (SPR) ក្នុងរយៈពេលត្រឹមតែ៦ខែក្នុងឆ្នាំ២០២២។

ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃបន្តិចឈានដល់៧១,៧០ដុល្លារ ក្នុង១បារ៉ែល កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា បន្ទាប់ពីព្យុះដ៏កំណាចបានធ្វើឱ្យដំណើរការផលិតនៅឈូងសមុទ្រម៉ិកស៊ិក ត្រូវផ្អាកជាបណ្ដោះអាសន្នកាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងណា ការព្រួយបារម្ភអំពីការធ្លាក់ចុះតម្រូវការបានរធ្វើឱ្យតម្លៃប្រេងឆៅនៅទាបក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រធានាធិបតី ចូ បៃឌិន កាលពីឆ្នាំ២០២២ បានប្រកាសលក់ចេញស្ដុកប្រេងក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រដើម្បីសង្គ្រោះទីផ្សារប្រេង បន្ទាប់ពីរុស្ស៊ី ដែលស្ថិតក្នុងចំណោមប្រទេសផលិតប្រេងកំពូលទាំង៣របស់ពិភពលោកបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ជាលទ្ធផលនៃការឈ្លានពា​ននេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់មិនធ្លាប់មាន។

ក្រសួងថាមពលអាម៉េរិក បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាម៉េរិក ទិញចូលប្រេងបានជាង៥០លានបារ៉ែលមកវិញហើយសម្រាប់ស្ដុកប្រេងរបស់ខ្លួន បន្ទាប់ពីបានលក់ចេញរហូតដល់ទៅ១៨០លានបារ៉ែល ក្នុងតម្លៃជាមធ្យមប្រមាណ៩៥ដុល្លារក្នុង១បារ៉ែល។

សូមបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាម៉េរិក មានស្តុកប្រេង ឬប្រេងបម្រុងសរុបប្រមាណ៣៨០លានបារ៉ែល ហើយចំនួននេះ គឺធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងប្រេងបម្រុង ដែលខ្លួនមានរហូតដល់ទៅជិត៧២៧លានបារ៉ែល កាលពីអំឡុងឆ្នាំ២០០៩៕