Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលអាម៉េរិកបញ្ចុះអត្រាការប្រាក់រហូត០,៥០% ជាលើកដំបូងក្នុងពេល៤ឆ្នាំ និងមិនទាត់ចោលលទ្ធភាពបញ្ចុះអត្រាការឱ្យដល់ជិត០%

Media LNN | Sep 20, 2024
ធនាគារកណ្ដាលអាម៉េរិកបញ្ចុះអត្រាការប្រាក់រហូត០,៥០% ជាលើកដំបូងក្នុងពេល៤ឆ្នាំ និងមិនទាត់ចោលលទ្ធភាពបញ្ចុះអត្រាការឱ្យដល់ជិត០%
Clinic narith

នៅទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់០,៥០% ជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ មកនៅចន្លោះពី៤,៧៥% ទៅ៥% ក្នុងមួយឆ្នាំ ហើយគោលបំណងដ៏សំខាន់នៃការបញ្ចុះអត្រាការប្រាក់នេះ គឺដើម្បីគ្រប់គ្រងអតិផរណា និងបញ្ចៀសការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ មេធំរបស់ធនាគារនេះ មិនបានទាត់ចោលនូវលទ្ធភាពដែលអាចបញ្ចុះអត្រាការប្រាក់បន្ថែមឱ្យដល់ជិត០% ដូចអំឡុងវិបត្តិកូវីដ-១៩ នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

លោក ជើរ៉ូម ផៅវែល ប្រធានធនាគារកណ្ដាលអាម៉េរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការសម្រេចបញ្ចុះអត្រាការប្រាក់នេះថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ពេលនេះកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយសម្រេចបានកំណើនក្នុងល្បឿនថេរ ខណៈដែលអតិផរណាក៏កំពុងធ្លាក់ចុះជាលំដាប់ ចំណែកឯទីផ្សារការងារក៏សម្រេចបានកំណើនក្នុងល្បឿនរឹងមាំ ហើយសហរដ្ឋអាម៉េរិក ចង់រក្សាស្ថានភាពល្អប្រសើរទាំងនេះ។

ប្រធានធនាគារកណ្ដាលអាម៉េរិក រូបនេះ បានធ្វើការសម្គាល់ថា អតិផរណានៅពេលនេះកំពុងធ្លាក់ចុះជាលំដាប់កាន់តែខិតជិតដល់គោលដៅ២% របស់ធនាគារកណ្ដាលអាម៉េរិក ហើយ។ លោក ជើរ៉ូម ផៅវែល បានលើកឡើងថា ធនាគារកណ្ដាលអាម៉េរិក ទំនងជាមិនត្រឡប់ទៅរកស្ថានភាពបញ្ចុះអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានមកនៅជិត០% ដូចអំឡុងវិបត្តិកូវីដ-១៩ នោះឡើយ។ ទោះជាយ៉ាងណា លោកក៏មិនបានបដិសេធទាំងស្រុងនោះដែរចំពោះលទ្ធភាពនេះ ដោយលោកនិយាយថា រង់ចាំមើលស្ថានភាពជាក់ស្ដែងសិន។

ជុំវិញការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិកនេះ មហាសេដ្ឋី និងជាវិនិយោគិនអាម៉េរិកលោក រ៉េ ដាលីយ៉ូ (Ray Dalio) បានលើកឡើងថា ទោះជាបញ្ចុះអត្រាការប្រាក់នេះក្ដី ក៏សេដ្ឋកិច្ចអាម៉េរិក នៅតែប្រឈមនឹងបំណុលគរដូចភ្នំនៅឡើយ។

ស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Bridgewater Associates ខាងលើនេះ បានប្រាប់សារព័ត៌មាន CNBC ថា ធនាគារកណ្ដាលអាម៉េរិក ពេលនេះប្រឈមនឹងកិច្ចការដ៏លំបាកដែលពិបាកនឹងសម្រេចចិត្ត ព្រោះបាតដៃក៏សាច់ ខ្នងដៃក៏សាច់។ ក្នុងន័យនេះ គឺថា ដើម្បីឱ្យបណ្ដាគ្រឹះស្ថានធនាគារដែលជាម្ចាស់បំណុលទទួលបានផលចំណេញ ធនាគារកណ្ដាលអាម៉េរិក ត្រូវររក្សាទុកអត្រាការប្រាក់ឱ្យខ្ពស់ល្មមគ្រប់គ្រាន់ ប៉ុន្តែទន្ទឹមនេះ បើរក្សាទុកអត្រាការប្រាក់ឱ្យនៅខ្ពស់ពេក វានឹងជះផលប៉ះពាល់ដល់អ្នកខ្ចីដែលជាកូនបំណុល។

ក្រសួងរតនាគារអាម៉េរិក បានរាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាម៉េរិក បានចំណាយប្រាក់រហូតដល់ទៅជាង១ទ្រីលានដុល្លារ ក្នុងឆ្នាំនេះលើការបង់ការប្រាក់លើបំណុលជាតិ ជាង៣៥ទ្រីលានដុល្លាររបស់ខ្លួន៕