(ហាណូយ)៖ ទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី (Badan Pusat Statistik) បានបង្ហាញថា ថៃនិងវៀតណាមនៅតែជាប្រទេសនាំចេញអង្ករធំទីពីរទៅកាន់ប្រទេសឥណ្ឌូណេស៊ីគិតត្រឹមដំណាច់ខែសីហាឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam News។
បើយោងតាមកាសែត Vietnam News ការនាំចូលអង្ករសរុបរបស់ឥណ្ឌូណេស៊ីសម្រាប់រយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះមានចំនួន ៣,០៥លានតោនដែលមានតម្លៃ ១,៩១ពាន់លានដុល្លារអាមេរិក ដោយប្រទេសនាំចេញអង្ករធំៗចំនួនបីគឺប្រទេសថៃ (១,១៣លានតោន មានតម្លៃ ៧៣៥លានដុល្លារ) វៀតណាម (៨៧០ ០០០តោន មានតម្លៃ ៥៤២លានដុល្លារ) និងប៉ាគីស្ថាន (៤៦០ ០០០តោន មានតម្លៃ ២៩០លានដុល្លារ)។
ថ្មីៗនេះ ទីភ្នាក់ងារឡូជីស្ទិកជាតិឥណ្ឌូណេស៊ីបានផ្តួចផ្តើមការដេញថ្លៃដើម្បីនាំចូលអង្ករប្រភេទបាក់ ៥ភាគរយចំនួន ៤៥០ ០០០តោន។ ទីភ្នាក់ងារនេះបានឱ្យដឹងថា អង្ករត្រូវតែនាំចូលពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងប៉ាគីស្ថាន ហើយគួរតែត្រូវបានប្រគល់ក្នុងរយៈពេលពីរខែខាងមុខ។
អង្ករសប្រភេទបាក់ ៥ភាគរយ គឺជាប្រភេទអង្ករពេញនិយមសម្រាប់ការនាំចេញ។ ឈ្មោះនេះបញ្ជាក់ថា ក្នុងចំណោមអង្ករ១០០ មានគ្រាប់អង្ករបាក់តែ ៥គ្រាប់ប៉ុណ្ណោះ។ អង្ករបាក់សំដៅលើបំណែកនៃគ្រាប់អង្ករដែលប្រេះបាក់ក្នុងអំឡុងពេលដំណើរការកិនឬដឹកជញ្ជូន៕