សារព័ត៌មានអង់គ្លេស Express បានចុះផ្សាយថា ទ្វីបអឺរ៉ុប គ្រោងសាងសង់ទីក្រុងថ្មីខ្នាតយក្សដ៏មហស្ចារ្យមួយដែលអាចឱ្យប្រជាជនរស់នៅបានរហូតដល់ទៅរាប់សិបលាននាក់ឯណោះ ហើយដោយសារតែវាមានទំហំធំខ្លាំងពេក គម្រោងនេះអាចនឹងលាតសន្ធឹងល្វឹងល្វើយចូលទឹកដី នៃប្រទេសចំនួន៤រួមបញ្ចូលគ្នា។ តើគម្រោងខ្នាតយក្សនេះលាតសន្ធឹងចូលក្នុងប្រទេសណាខ្លះ?
អឺរ៉ុប គឺជាទ្វីបដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក ហើយជាទ្វីបដែលមានសេដ្ឋកិច្ចធំបំផុតទាំង១០នៅទីនោះ។ ទោះជាយ៉ាងណា ថ្វីដ្បិតតែជាមហាអំណាចសេដ្ឋកិច្ច និងមានប្រជាជនរស់នៅច្រើនយ៉ាងណាក៏ដោយ ក៏ទ្វីបអឺរ៉ុប នៅមិនទាន់មានទីក្រុងណាមួយដែលមានទំហំប្រហាក់ប្រហែលគ្នា ដែលអាចប្រៀបផ្ទឹមជាមួយទីក្រុងធំៗបំផុតរបស់ពិភពលោក ដូចដែលឃើញមាននៅទ្វីបអាស៊ី ទ្វីបអាម៉េរិក ឬ ទ្វីបអាហ្វ្រិកនៅឡើយទេ។
ហេតុដូច្នេះហើយបានជាសំណើមួយ ដើម្បីបង្កើតទីក្រុងខ្នាតយក្សថ្មីមួយមានឈ្មោះថា ត្រាយ-ស្ទេត ស៊ីធី (Tri-State City) ឬដែលខ្មែរ មានន័យថា “ទីក្រុង៣រដ្ឋ” ត្រូវបានលើកយកមកពិភាក្សាអស់រយៈពេលជិត១ទសវត្សរ៍មកហើយ។ ថ្វីដ្បិតវាមានឈ្មោះទីក្រុង៣រដ្ឋក៏ពិតមែន តែគម្រោងទីក្រុងខ្នាតយក្សនេះនឹងរួមបញ្ចូលទឹកដីនៃប្រទេសចំនួន៤ រួមមាន ប្រទេសហូឡង់ បែលហ្ស៊ិក អាល្លឺម៉ង់ និងបារាំង។ ដូច្នេះតាមរយៈគម្រោងទីក្រុងថ្មីខ្នាតយក្សនេះ វានឹងក្លាយជាបណ្តាញអន្តរជាតិរួមតែមួយដែលតំណាងឱ្យប្រទេសទាំង៤នេះ។
អ្នកជំនាញផ្នែកនគរូបនីយកម្ម និងជាអ្នកផ្តួចផ្តើមគំនិតលើការបង្កើតគម្រោងទីក្រុងត្រាយ-ស្ទេត ស៊ីធី (Tri-State City) បានលើកឡើងថា គម្រោងទីក្រុងខ្នាតយក្សដែលអាចឱ្យប្រជាជនរស់នៅបានរហូតដល់ទៅប្រមាណ៤៥លាននាក់ខាងលើនេះ នឹងមានភាពទាក់ទាញខ្លាំងចំពោះអ្នកវិនិយោគ ហើយនឹងមានទំហំពាណិជ្ជកម្មរហូតដល់ទៅ១៥០ពាន់លានដុល្លារអាម៉េរិក ចរាចរនៅក្នុងទីក្រុងនេះ។
ទោះជាយ៉ាងណា មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្ដើម និងបញ្ចប់គម្រោងនេះ រួមជាមួយនឹងទំហំទុនវិយោគនៅឡើយទេ៕