ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែសម្រួលការព្យាករអត្រាអតិផរណានៅក្នុងតំបន់អាស៊ីសម្រាប់ឆ្នាំ២០២៤ និង២០២៥ ដោយសារសម្ពាធតម្លៃទំនិញហាក់មានភាពធូរស្រាលបន្តិច ក្រោយមានការកែលម្អការរឹតបន្តឹងរូបិយវត្ថុនៅលើពិភពលោក។ ស្ថាប័នហិរញ្ញវត្ថុនេះ បានការព្យារកថា អត្រាអតិផរណានៅក្នុងតំបន់អាស៊ី នៅក្នុងឆ្នាំ២០២៤ និង២០២៥ នឹងទាបជាងអត្រាដែលខ្លួនបានព្យាករកាលពីខែកក្កដា កន្លងមកក្នុងរង្វង់០,១%។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei Asia។
ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ទាបការព្យាករអត្រាអតិផរណានៅក្នុងតំបន់អាស៊ី ដែលមានសមាជិក៤៦ប្រទេសរួមមានទាំងចិន និងឥណ្ឌាផងនោះ ពី២,៩% ដែលខ្លួនបានព្យាករកន្លងមកមកនៅត្រឹម២,៨%សម្រាប់ឆ្នាំ២០២៤ និងពី៣% មកនៅត្រឹម២,៩% សម្រាប់ឆ្នាំ២០២៥។ ការបន្ទាបការព្យាករនេះ ធ្វើឡើងក្រោយ ADB មើលឃើញថា អត្រាអតិផរណាតម្លៃថាមពលបានត្រលប់មករកកម្រិតដូចមុនពេលមានការឆ្លងរាតត្បាតកូវីដ-១៩ ខណៈអតិផរណាលើតម្លៃម្ហូបអាហារមានការកើនឡើងតិចតួច បើធៀបនឹងកម្រិតមុនការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឆ្នាំ២០២៤នេះ ស្ថានភាពអតិផរណានៅក្នុងប្រទេសឡាវ ហាក់ខ្ពស់ជាងគេដោយស្ថិតនៅក្នុងកម្រិតដល់ទៅ២៥% ហើយនៅមីយ៉ាន់ម៉ាក៏ខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី នៅក្នុងរង្វង់៥%នៅឆ្នាំ២០២៤នេះ ដោយសារសន្ទុះកំណើនតម្រូវការគ្រឿងអេឡិចត្រូនិកនៅលើទីផ្សារពិភពលោកត្រូវបានគេរំពឹងថា នឹងបន្ត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់តំបន់អាស៊ីអគ្នេយ៍ ស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកនៅត្រឹម៤,៥% ទាបជាងការព្យាករកាលពីខែកក្កដា ដែលរំពឹងថា មានក្នុងកម្រិត៤,៦% ដោយសារកំណើនធ្លាក់ចុះក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងទីម័រខាងកើត។
បើតាមការះអាងរបស់ ADB ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង៦របស់អាស៊ាន មានតែប្រទេសថៃ មួយគត់ដែលត្រូវបានព្យាករថា នឹងមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ច ពោលគឺសេដ្ឋកិច្ចថៃ នៅឆ្នាំនេះត្រូវបានស្ថាប័ននេះ ព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់២,៣% ហើយនៅឆ្នាំ២០២៥ សម្រេចបានកំណើន២,៧% ធ្លាក់ចុះក្នុងរង្វង់០,៣% បើធៀបនឹងតួលេខព្យាករកាលពីពេលកន្លងទៅ។
យ៉ាងណាក៏ដោយធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ការសម្រេចបានកំណើនសេដ្ឋកិច្ចតាមការព្យាករសម្រាប់តំបន់អាស៊ីនៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន រាប់ចាប់តាំងពីការកើនឡើងនៃការការពារនិយមរហូតដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលអាចនាំឱ្យមានការហៀរបញ្ហានយោបាយ និងហិរញ្ញវត្ថុមកកាន់អាស៊ី ក៏ដូចជាក្តីបារម្ភលើភាពតានតឹងខាងភូមិសាស្ត្រនយោបាយដែលកើនឡើង និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន៕