Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុនគ្រោងដំណើរការរថភ្លើងល្បឿនលឿនគ្មានមនុស្សបើក ចាប់ពីឆ្នាំ២០២៨

Media LNN | Sep 30, 2024
ជប៉ុនគ្រោងដំណើរការរថភ្លើងល្បឿនលឿនគ្មានមនុស្សបើក ចាប់ពីឆ្នាំ២០២៨
Clinic narith

រថភ្លើង Shinkansen រំពឹងនឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលដំណើរការដោយគ្មានអ្នកបើកបរ នៅតាមស្ថានីយមួយចំនួនលើខ្សែរថភ្លើង Joetsu Shinkansen ចាប់ពីឆ្នាំ២០២៨។

ក្រុមហ៊ុន East Japan Railway Company (JR East) នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៃរថភ្លើងល្បឿនលឿន Shinkansen ដោយគ្មានមនុស្សបើក នៅលើកំណាត់ស្ថានីយរថភ្លើងមួយចំនួនតាមខ្សែ Joetsu Shinkansen។ 

ប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ អមជាមួយអ្នកបើកបររថភ្លើងក្នុងករណីមានស្ថានភាពអាសន្ននឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៨ ដោយរំពឹងនឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេដែលដំណើរការដោយគ្មានអ្នកបើកបរ។

រថភ្លើងដំណើរការស្វ័យប្រវត្តិនេះនឹងធ្វើដំណើរចម្ងាយ ៥៥,៧គីឡូម៉ែត្ររវាងស្ថានីយ Nagaoka និង Niigata ក្នុងខេត្ត Niigata ភាគពាយព្យនៃទីក្រុងតូក្យូ។ JR East មានគោលបំណងចាប់ផ្តើមសេវាកម្មរថភ្លើងគ្មានអ្នកបើកបរនៅលើខ្សែ Joetsu Shinkansen ទាំងមូលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។ 

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន ប្រព័ន្ធស្វ័យប្រវត្តិនឹងជួយកាត់បន្ថយកំហុសរបស់មនុស្ស ធ្វើអោយប្រសើរឡើងនូវសុវត្ថិភាព និងជួយដោះស្រាយការខ្វះខាតអ្នកបើកបររថភ្លើងនាពេលអនាគត ដោយសារជប៉ុនប្រឈមមុខនឹងការធ្លាក់ចុះនៃចំនួនប្រជាជនដែលមានអាយុ ធ្វើការ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា ប្រធានក្រុមហ៊ុន JR East លោក Yoichi Kise បាននិយាយថា បច្ចេកវិទ្យាបើកបរដោយខ្លួនឯងអនុញ្ញាតឱ្យក្រុមហ៊ុនកំណត់កាលវិភាគរថភ្លើងកាន់តែមានភាពបត់បែន ខណៈពេលដែលអាចបណ្តុះបណ្តាលបុគ្គលិកឱ្យចូលរួមក្នុងការងារផ្សេងៗ។

ក្រុមហ៊ុននឹងដំណើរការរថភ្លើងស្វ័យប្រវត្តិយ៉ាងពេញលេញរវាងស្ថានីយ Niigata និងស្ថានីយជិតនោះក្នុងឆ្នាំ ២០២៩ ក្រោយពីប្រតិបត្តិការបើកបរដោយខ្លួនឯង អមអ្នកបើកបរជាមួយដើម្បីដោះស្រាយភាពអាសន្ន។

ក្នុងចំណោមប្រតិបត្តិកររថភ្លើងផ្សេងទៀតនៅជប៉ុន JR Central ដែលជាប្រតិបត្តិករនៃខ្សែរថភ្លើង Tokaido Shinkansen រវាងទីក្រុងតូក្យូ និងអូសាកា មានបំណងដាក់ប្រើប្រាស់រថភ្លើងបើកបរដោយខ្លួនឯងដែលដំណើរការនៅឆ្នាំ ២០២៨៕