Alynana Media Cambodia
Icon Collap
clinic narit

គ្រាប់ស្វាយចន្ទីកម្ពុជាកែច្នៃរួចចំនួន២០០តោន នឹងហក់ចូលទីផ្សារអឺរ៉ុបលើកដំបូងនៅខែក្រោយ

Media LNN | Sep 30, 2024
គ្រាប់ស្វាយចន្ទីកម្ពុជាកែច្នៃរួចចំនួន២០០តោន នឹងហក់ចូលទីផ្សារអឺរ៉ុបលើកដំបូងនៅខែក្រោយ
Clinic narith

ក្រុមហ៊ុន Mirarth គ្រោងនាំយកគ្រាប់ចន្ទីកម្ពុជាចំនួន២០០តោនទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូងនៅខែក្រោយ ជាមួយការបេ្តជ្ញាចិត្តនឹងបង្កើនសមត្ថភាពកែច្នៃរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំបន្ទាប់។ ការឈានជើងចូលទីផ្សារអឺរ៉ុបលើកដំបូងនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីដែលមានស្រាប់ ជាពិសេសវានឹងជួយធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាចាត់ទុកក្រុមហ៊ុនជប៉ុន Mirarth គឺជាក្រុមហ៊ុនតែមួយកត់ដែលមានស្តង់ដាខ្ពស់ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ ក្រុមហ៊ុន Mirarth បានធ្វើកិច្ចសហការជាប្រចាំជាមួយសហគមន៍កសិករស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ទន្ទឹមនេះ លោកបានចាត់ទុកការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអឺរ៉ុបចំនួន២០០តោននាពេលខាងមុខ វានឹងរួមចំណែកជួយធ្វើឱ្យទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៣ម៉ឺនតោន និងនាំចេញទៅប្រទេសវៀតណាមបានចំនួន៧៨ម៉ឺនតោន ដោយរកចំណូលបានជាង១ពាន់លានដុល្លារអាម៉េរិក និងបានជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ១,៥តោនក្នុងមួយហិកតា។ ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចបាននូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះផងដែរ៕