(ភ្នំពេញ)៖ ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ នេះបើយោងតាមសេចក្ដីជូនដំណឹង នៅលើផេកហ្វេសបុកផ្លូវការរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
គួរបញ្ជាក់ផងដែរថា រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំខេត្តមានស្ថានភាពល្អប្រសើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕