Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធដារ ដល់វិស័យអចលនទ្រព្យបន្ថែម

Media LNN | Oct 10, 2024
រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធដារ ដល់វិស័យអចលនទ្រព្យបន្ថែម
Clinic narith

 

រាជរដ្ឋាភិបាលនិងបន្តលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ លើពន្ធ​ប្រថាប់​ត្រា​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យ, និង​ពន្ធ​លើ​ដីធ្លីមិនបានប្រើប្រាស់ ដែលការលើកលែង ការអនុគ្រោះ និង ការព្យួរពន្ធ ដោយពុំមាន​អានុភាព​ប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលផងដែរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្ត និងបន្ថែមការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះវិស័យអចលន ទ្រព្យដូចជា៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ គឺលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន​គ្រប់​ប្រភេទ ដែលមានលក្ខណៈជាបុរី តម្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៥។ អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែល​មានលក្ខណៈជាបុរី មានតម្លៃលើស ៧ ម៉ឺន ដុល្លារអាមេរិក ដោយអនុញ្ញាត​ឱ្យ​ដក​ទំហំ​ទឹក​ប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅ ឋាន ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបាន​ចុះបញ្ជី​ត្រឹម​ត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងនោះរាល់ការផ្ទេរកម្មសិទ្ធិ ដែលទទួល​បាន​ការ​លើក​លែង និងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌតាមការ កំណត់របស់ក្រសួង។

ចំណែកពន្ធលើចំណេញមូលធន និងពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន លើ​រូបវន្ត​បុគ្គល ចំពោះអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងនោះទ្រព្យ ៥ ប្រភេទ​ទៀត​រួមមាន​៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ។

ដោយឡែកពន្ធលើអចលនទ្រព្យ៖ លើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ក្នុងករណីអចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែល​ជា​ប្រភេទ​ដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និង សំណង់ដែលបម្រើផ្ទាល់ និងជា​អចិន្ត្រៃយ៍​ដល់​សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និង​ក្រុង នៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិត​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​ដីធ្លី​កសិកម្ម​ពី​ស្ថាប័នមានសមត្ថកិច្ចនោះឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្ម​សិទ្ធិ​ឬ​លិខិត​ផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដីកសិកម្ម។ ចំពោះអចលនទ្រព្យដូចនៅ ក្នុងតំបន់​ខាង​លើ​នេះដែ​រ ប៉ុន្តែមានចំណែកណាមួយ នៃដីធ្លីត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់​ផ្សេង​ៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម នឹងមិន​ត្រូវ​បាន​លើក​លែ​ង​ពន្ធ​នោះ​ទេ​។

ក្រៅពីគោការណ៍ខាងលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បាន​កំណត់​លើ​អចលន​ទ្រព្យ​ផ្សេងៗ​ទៀតដូចជា អចលនទ្រព្យ ដែលមានឯកសារកាន់កាប់ដី, អចលនទ្រព្យដែលបានចុះបញ្ជី, អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) គឺត្រូវអនុវត្ត តាមលក្ខខណ្ឌមួយចំនួន នៅក្នុងសេចក្តីជូនដំណឹងនេះដែរ។ ចំណែកពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ, ត្រូវបានព្យួរ​ការ​អនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៤ មានន័យថា កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នក​ទទួល​ប្រយោជន៍​ចុង​ក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ ពន្ធរហូតដល់ដំណាច់ឆ្នាំ ២០២៤ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធលើដីធ្លីមិនបានប្រើ ប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ គឺជាប្រភេទដីដែលជាកម្មវត្ថុ បាន កំណត់នៅក្នុងសេចក្តីជូនដំណឹងនេះ៕