មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានគូសបញ្ជាក់ថា បើទោះបីជាមកទល់ពេលនេះវិស័យអាកាសចរណ៍កម្ពុជា បានបង្ហាញសញ្ញាណល្អប្រសើរឡើងវិញជាបណ្តើរៗក៏ពិតមែន ប៉ុន្តែ លោកទទួលស្គាល់ថា វិស័យនេះ នៅតែជួបប្រទះនូវបញ្ហាប្រឈមធំៗមួយចំនួន ដែលរាំងស្ទះដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជា។ តើអ្វីខ្លះជាបញ្ហាប្រឈមដែលវិស័យអាកាសចរណ៍កម្ពុជា កំពុងជួបប្រទះ ហើយកម្ពុជា ត្រូវដោះស្រាយបែបណា ដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើន និងមានភាពប្រកួតប្រជែង?
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៃវិស័យអាកាសចរកម្ពុជា ទើបងើបប្រសើរឡើងវិញ បានប្រមាណជិត ៧០%ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩។ ទន្ទឹមនឹងការងើបឡើងនេះ ក៏នៅមានបញ្ហាប្រឈមធំៗមួយចំនួន ដែលបង្កការរាំងស្ទះដល់ការរីកចម្រើនរបស់វិស័យអាកាសចរកម្ពុជាដែរ។ តួយ៉ាង បញ្ហាកេរ្តិ៍របស់កម្ពុជា នៅលើឆាកអន្តរជាតិ គឺជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាកុំឱ្យមានរូបភាពមិនល្អបង្ហាញថា កម្ពុជាគ្មានសន្តិសុខ ឬសុវត្ថិភាព នៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឱ្យសោះ ខណៈកន្លងមកក៏មានប្រទេសមួយចំនួនបានផ្សព្វផ្សាយមិនល្អពីកម្ពុជា។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់ដែរថា បញ្ហាតម្លៃសំបុត្រយន្តហោះរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្តាប្រទេសដ៏ទៃ ក៏ដូចជាបញ្ហាភាពទន់ខ្សោយលើផ្នែកផ្សព្វផ្សាយពីសក្តានុពលរបស់តំបន់ទេសចរណ៍កម្ពុជា ក៏ជាកត្តារួមផ្សំមួយចំនួន ដែលបានរាំងស្ទះដល់ការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា ផងដែរ។ ទោះយ៉ាងណា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងវិស័យអាកាសចរណ៍កម្ពុជា ជាពិសេសការដាក់ចេញនូវយន្តការមួយចំនួននៅតាមព្រលានយន្តហោះ ដើម្បីផ្តល់ភាពងាយស្រួលជាងមុនជូនដល់ភ្ញៀវទេសចរ ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងទទួលបានអារម្មណ៍រីករាយពេលចូលមកកម្ពុជា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសរចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានលើកឡើងដែរថា មានបញ្ហារួមផ្សំជាច្រើនដែលកម្ពុជាត្រូវដោះស្រាយ ដើម្បីទាក់ទាញទេសចរណ៍ឲ្យចូលមកទស្សនាកម្សាន្ដ។ លោកសង្កត់ធ្ងន់ថា ទោះបីជា កន្លងមកនេះ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះគ្រប់គ្រាន់សម្រាប់ទទួលអ្នកដំណើរ និងបានដាក់ចេញនូវគោលនយោបាយទូលំទូលាយជាមួយបណ្តាប្រទេសជុំវិញពិភពលោកយ៉ាងណាក្តី ប៉ុន្តែលោកសង្កេតឃើញថា ស្ថានភាពនៃការហោះហើរតាមផ្លូវអាកាសរបស់កម្ពុជា ហាក់នៅមិនទាន់មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ តែយ៉ាងណាក៏ដោយចុះ លោក ធួន ស៊ីណាន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍តាមផ្លូវអាកាសរបស់កម្ពុជា មានការប្រែប្រួលយ៉ាងណាទៀតនោះ គឺត្រូវរង់ចាំមើលការខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលទើបផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជាង ១លាន៥សែននាក់ មានការកើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕