ធនាគារពិភពលោក (World Bank) បានដាក់ចេញក្របខ័ណ្ឌភាពជាដៃគូថ្មីប្រចាំប្រទេស (CPF) សម្រាប់កម្ពុជា ដើម្បីជួយកែលម្អសុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។ ក្របខ័ណ្ឌដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នេះ ក៏នឹងផ្តោតលើការលើកកម្ពស់វិស័យសាធារណៈ និងសមភាពយេនឌ័រផងដែរ។
ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រភាពជាដៃគូថ្មីសម្រាប់កម្ពុជានេះ គឺផ្តោតសំខាន់លើមូលធនមនុស្ស ភាពប្រកួតប្រជែង និងភាពធន់។ ធនាគារពិភពលោកបានបន្តថា ផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាព នឹងផ្តល់ជាមូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ក្របខណ្ឌថ្មីនេះក៏នឹងផ្តោតលើការកសាងគណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ និងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា ឬបណ្តឹងសាទុក្ខនានា ដែលអាចកើតមានផងដែរ។
លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម បានគូសបញ្ជាក់ថា ក្របខ័ណ្ឌខាងលើនឹងផ្តោតសំខាន់លើការលើកកម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃជំនាញ។ កម្មវិធីថ្មីនេះ ក៏នឹងសង្កត់ធ្ងន់លើការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
បើតាមធនាគារពិភពលោក ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បានគូសបញ្ជាក់អំពីបណ្តាអាទិភាពសម្រាប់កម្មវិធីនានារបស់ក្រុមធនាគារពិភពលោក សម្រាប់ជួយដល់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ដោយក្របខ័ណ្ឌនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើឯកសារវិភាគអំពីបញ្ហាប្រឈមនានានៅក្នុងកិច្ចអភិវឌ្ឍន៍របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត។ បន្ថែមលើនេះ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រី Kim-See Lim នាយកសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា IFC និងក្រុមធនាគារពិភពលោក កំពុងជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជាឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។ ជាមួយគ្នានេះ លោកស្រី ក៏បានអះអាងនឹងបន្តការគាំទ្រដល់ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ, ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុងការទាក់ទាញទុនឯកជនសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន៕