(ភ្នំពេញ)៖ ត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) មានចំនួន៣៩៤ ០៦១ ៣២៧ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣ ៣៤៩ ២៧៧ដុល្លារ។
គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន២១៥ដុល្លារ ក្នុង១តោន ស្មើនឹង១៥.៧២% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២៨៩ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕