(វ៉ាស៉ីនតោន)៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤នេះ រូបលោកបានជាប់ឈ្មោះ ជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយ ក៏ប៉ុន្តែអាចត្រឡប់មកទទួលជ័យជម្នះ សាជាថ្មី។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការប្រកាសលទ្ធផល បានបង្ហាញឱ្យឃើញថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បានយកឈ្នះគូប្រជែង គឺអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។
លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៧ ក្រោយផ្តួលគូប្រកួតនាពេលនោះ គឺលោកស្រី ហ៉ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតឆ្នាំ២០១៦។ យ៉ាងណាមិញ លោក ត្រាំ បានទទួលបរាជ័យ ក្រោមដៃ លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយត្រូវចាកចេញពីសេតវិមាន កាលពីដើមឆ្នាំ២០២១។ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ២០២៤នេះ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយ។
គួរបញ្ជាក់ថា មុនលោក ត្រាំ មានតែប្រធានាធិបតីអាមេរិកម្នាក់គត់ ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយ អាចត្រឡប់មកកាន់អំណាចសាជាថ្មីបែបនេះ សម្រាប់អាណត្តិទី២ ដែលជាអាណត្តិមិនជាប់គ្នា នោះគឺលោក Grover Cleveland ដែលបានកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី១ ចាប់ពីឆ្នាំ១៨៨៥ ដល់១៨៨៩ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៩៣ ដល់១៨៩៧។ ក្រៅពីនេះ ក៏ធ្លាប់មានប្រធានាធិបតីអាមេរិកប៉ុន្មានរូបផ្សេងផងដែរ ដែលធ្លាប់ព្យាយាមឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ក្រោយចាញ់ឆ្នោត ប៉ុន្តែសុទ្ធតែមិនបានជោគជ័យ លើកលែងតែលោក ដូណាល់ ត្រាំ នាពេលនេះ៕