ប្រជាជាតិនៅអាស៊ីអាគ្នេយ៍បានខិតខំពង្រីកវិស័យពាណិជ្ជកម្មជាសកលរបស់ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការស្វែងរកអព្យាក្រឹតភាពការទូត និងចូលរួមជាមួយបក្សសម្ព័ន្ធសេដ្ឋកិច្ចផ្សេងៗដែលមានជម្លោះលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ពាណិជ្ជកម្មខាងក្រៅរបស់តំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទៅ១,២ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០៣២ ខាងមុខ ដែលជាការកើនឡើងដ៏ច្រើនបំផុតនៅលើពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei Asia។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅឯពិព័រណ៍ពាណិជ្ជកម្មតំបន់មួយ ដែលត្រូវបានគេរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីពេលកន្លងទៅថា តំបន់អាស៊ីអគ្នេយ៍បច្ចុប្បន្នកំពុងតែក្លាយជាទីតាំងអព្យាក្រឹតបំផុត និងមិនចូលបក្សសម្ព័ន្ធនៅក្នុងការធ្វើពាណិជ្ជកម្ម។ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច នៅពេលនេះម៉ាឡេស៊ី បានជោគជ័យក្នុងការអូសទាញក្រុមហ៊ុនអាល្លឺម៉ង់មកបើករោងចក្រនៅក្នុងប្រទេស ហើយនៅពេលេនេះលោក អានវ៉ា កំពុងធ្វើការជាមួយសមភាគីចិន និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergey Lavrov) ដើម្បីជួយសម្រួលដល់ការចូលរួមរបស់ម៉ាឡេស៊ី ចូលក្នុងអង្គការបក្សសម្ព័ន្ធ BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង និងប្រទេសដទៃទៀត ស្របពេលប្រជាជាតិ នៅក្នុងតំបន់ជាច្រើន ក៏កំពុងចាប់អារម្មណ៍ផងដែរ ជាពិសេសថៃ ឥណ្ឌូនេស៊ី វៀតណាម រួមទាំងឡាវ។
លោក តាកេស៊ី កូណូមី (Takeshi Konomi ) មន្រ្តីនៃក្រុមហ៊ុនប្រឹក្សា Boston Consulting Group បានលើកឡើងថា អាស៊ាននឹងក្លាយជាប្រភពនៃការនាំចេញដ៏សកម្មនៅលើពិភពលោកនៅពេលអនាគត ដោយលោកបានការព្យាករណ៍ថា ទំហំពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍នឹងកើនឡើងរហូតដល់១,២ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០៣២ ខាងមុខ។ ជាមួយគ្នានេះ គ្រាន់តែជាមួយចិន ទំនាក់ទំនងពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍នឹងមានទំហំដល់ទៅ៦១៦ពាន់លានដុល្លារ ដែលជំរុញដោយការរួមបញ្ចូលក្នុងតំបន់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសជិតខាង។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក កន្លងទៅ ក៏ជាបច្ច័យរួមចំណែកក្នុងការជួយជំរុញការប្រែក្លាយអាស៊ីអាគ្នេយ៍ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ចម្បងផងដែរ។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីអាគ្នេយ៍នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម៤,៦% នៅក្នុងអំឡុងពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩៕