Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅសប្តាហ៍នេះ

Media LNN | Nov 08, 2024
ធនាគារកណ្ដាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅសប្តាហ៍នេះ
Clinic narith

ក្រុមអ្នកជំនាញអន្តរជាតិបានព្យាករយ៉ាងទូលំទូលាយថា ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក តាមរយៈការកាត់បន្ថយអតិផរណា និងជំរុញទីផ្សារការងារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ទីផ្សារនានានៅលើពិភពលោកមានទំនុកចិត្តខ្ពស់ថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ជាថ្មីក្នុងរង្វង់០,២៥% ក្រោយពីធនាគារនេះបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន។ ទោះជាយ៉ាងណា ទីផ្សារនានានឹងផ្តោតសំខាន់លើផែនការអនាគតរបស់ធនាគារកណ្ដាលអាម៉េរិក នៅពេលដែលធនាគារនេះសម្របខ្លួនទៅនឹងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់នៃជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធបតីអាម៉េរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

លោក គ្រីស្នា ហ្គូហា (Krishna Guha) ប្រធានផ្នែកគោលនយោបាយសកល និងយុទ្ធសាស្ត្រធនាគារកណ្ដាលនៅក្រុមហ៊ុន Evercore ISI ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេផ្នែកផ្ដល់ប្រឹក្សាយោបល់លើការវិនិយោគក្នុងវិស័យធនាគារបានព្យាករថា ប្រធានធនាគារកណ្ដាលអាម៉េរិកលោក ជឺរ៉ូម ផៅវែល (Jerome Powell) នឹងចៀសវាងការវិនិច្ឆ័យទាំងប្រញាប់ប្រញាល់អំពីផលប៉ះពាល់បណ្ដាលមកពីការបោះឆ្នោត ដែលអាចកើតមានលើសេដ្ឋកិច្ច និងអត្រាការប្រាក់។

អ្នកជំនាញរូបនេះបានលើកឡើងថា ផ្ទុយទៅវិញលោក ជឺរ៉ូម ផៅវែល ទំនងជានឹងផ្តោតលើការរក្សាស្ថិរភាព ហើយថា ធនាគារកណ្ដាលអាម៉េរិកនឹងពិនិត្យផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ននូវគោលនយោបាយរបស់រដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ មុននឹងឈានដល់ការកែសម្រួលយុទ្ធសាស្ត្រសេដ្ឋកិច្ច ឬអត្រាការប្រាក់បច្ចុប្បន្ន។

ស្របពេលមានការព្យាករថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥% កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា នេះ ទីផ្សារនានាកំពុងផ្ដោតយកចិត្តទុកដាក់ជាសំខាន់លើការប្ដេជ្ញាចិត្តរបស់លោក ជើរ៉ូម ផៅវែល ចំពោះផែនការថ្ងៃអនាគត។

សូមបញ្ជាក់ថា បច្ចុប្បន្នគោលដៅអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក គឺស្ថិតក្នុងចន្លោះ៤,៧៥%ទៅ៥% ហើយទីផ្សាររំពឹងថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ជាថ្មីទៀតនៅខែធ្នូ មុនដាច់ឆ្នាំ២០២៤ ហើយនឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥៕