Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមនៅ១០ខែឆ្នាំនេះ

Media LNN | Nov 18, 2024
កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមនៅ១០ខែឆ្នាំនេះ
Clinic narith

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់សមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០២៤នេះ មានស្ថានភាពល្អប្រសើរទាំងតម្លៃ និងបរិមាណនាំចេញ។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាមបានជាង៧៩ម៉ឺនតោន មានការកើនឡើង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់មានជាង១ពាន់១រយលានដុល្លារ។ តើមានកត្តាអ្វីជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅទីផ្សារវៀតណាមមានការកើនឡើងយ៉ាងដូច្នេះ?

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ម៉ឺនតោន កើនឡើងប្រមាណ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារវៀតណាមបានជាង៧៩ម៉ឺនតោន កើនឡើង៣១% ដោយគិតជាទឹកប្រាក់មានចំនួនជាង១ពាន់១រយលានដុល្លារ កើនឡើងប្រមាណ៩%។ កំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីនេះត្រូវបានលោក ស៊ុយ កុកធាន អះអាងថា គឺដោយសារការផ្គត់ផ្គង់គ្រប់ស្វាយចន្ទីឆៅនៅលើទីផ្សារពិភពលោក ពិសេសទៅកាន់ទីផ្សារវៀតណាមមានតិចជាងតម្រូវការប្រើប្រាស់ ក្រោយប្រទេសនៅអាហ្វ្រិកបានដំឡើងពន្ធនាំចេញគ្រាប់ស្វាយចន្ទី ដែលធ្វើឱ្យវៀតណាមមានតម្រូវការបញ្ជាទិញច្រើនពីកម្ពុជា។ ការកើនឡើងតម្រូវការប្រើប្រាស់គ្រាប់ស្វាយចន្ទីនៅចិន ក៏ជាកត្តាជួយជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាមានតម្រូវការខ្ពស់ផងដែរ។

ពាក់ព័ន្ធតម្លៃគ្រប់ស្វាយចន្ទីនៅឆ្នាំនេះវិញ អ្នកជំនាញរូបនេះបានអះអាងថា ក៏ទទួលបានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ បើធៀបនឹងតម្លៃកាលពីឆ្នាំមុន ដោយបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅកម្ពុជាអាចលក់បានក្នុងតម្លៃចន្លោះពី១ពាន់៦៥០ដុល្លារ ទៅ១ពាន់៧៥០ដុល្លារក្នុង១តោន។ តែតម្លៃនេះមានការធ្លាក់ចុះបន្តិច បើធៀបនឹងតម្លៃលក់ចេញកាលពីប៉ុន្មានខែមុន ដោយសារគុណភាពគ្រាប់ស្វាយចន្ទីនៅចុងឆ្នាំមានការធ្លាក់ចុះ។

សូមជម្រាបថា យោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ ដែលទើបដាក់ឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា៕