Alynana Media Cambodia
Icon Collap
clinic narit

ដូណាល់ ត្រាំ និងភរិយាត្រូវបានគេ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-19

Sang Kim | Oct 02, 2020
ដូណាល់ ត្រាំ និងភរិយាត្រូវបានគេ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-19
Clinic narith

(វ៉ាស៊ីនតោន)៖ ក្រោយការធ្វើចត្តាឡីស័ក និងធ្វើតេស្តរួចមក នៅទីបំផុតលទ្ធផលចេញមកហើយ នោះគឺលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នារសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើ Twitter របស់លោកនៅមុននេះបន្តិច លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»។ សាររបស់លោក ដូណាល់ ត្រាំ នេះត្រូវបានបង្ហោះនៅមុនម៉ោង ១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota) ផងដែរ។
បើតាមសេតវិមានថា លោក ត្រាំ បានថែទាំសុខភាព និងការពារខ្លួនលោកជានិច្ច ហើយក្រុមមន្ត្រីរបស់លោក តែងតែបានអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ក៏ប៉ុន្តែជារឿយៗ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកត្រូវបានគេសង្កេតឃើញថា មិនបានពាក់ម៉ាសឡើយ នៅពេលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

ការឆ្លងជំងឺ COVID-19 របស់ប្រធានាធិបតីអាមេរិកពេលនេះ បានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបញ្ចប់ការតស៊ូមតិលើកដំបូង ជាមួយគូប្រជែងគឺលោក ចូ បៃដិន ប៉ុន្តែភ្លាមៗបែបនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ នៅមិនទាន់អាចបញ្ជាក់បានទេថា តើការតស៊ូមតិនៅជុំបន្ទាប់នឹងត្រូវមានការចាត់ចែង ឬកែប្រែបែបណាទៀតនោះឡើយ៕