(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចប្រជុំត្រីភាគីលើកដំបូង ដែលមានការចូលរួមពីសហជីពតំណាងឱ្យកម្មករនិយោជិត និងសមាគមតំណាងឱ្យនិយោជក នាថ្ងៃទី ១៥ ខែសីហា ដើម្បីពិភាក្សាចរចាប្រាក់ឈ្នួលគោលក្នុងវិស័យកាត់ដេរ សម្រាប់កម្មករនៅឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ២ លើកទី ២ ឬកិច្ចប្រជុំត្រីភាគីនេះ នឹងធ្វើឡើងនាម៉ោង ៩ ព្រឹក នៅសាលប្រជុំ A នៃទីស្តីការក្រសួង ដែលមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា។
ក្រសួង បានបញ្ជាក់ថា៖ «កិច្ចប្រជុំនេះ នឹងមានការធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពស្ថិតិនៃលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួង។ រួមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលផងដែរ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នាលើកដំបូង នៅថ្ងៃទី ១៥ សីហា ដែលជាឱកាសឱ្យភាគីទាំង ២ គឺតំណាងភាគីនិយោជក និងកម្មករនិយោជិត បង្ហាញនូវការសិក្សាស្រាវជ្រាវ និងទឡ្ហីករណ៍របស់ភាគីនីមួយៗ លើលក្ខណៈវិនិច្ឆ័យទាំង ៧ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។
លោកបន្ថែមទៀតថា៖ «ដូចរៀងរាល់ឆ្នាំ និងបញ្ញត្តិក្នុងច្បាប់ គឺភាគីរាជរដ្ឋាភិបាលត្រូវបង្កើតឱ្យមានវេទិកាជួបគ្នា ត្រៀមបំភ្លឺ និងធ្វើបទបង្ហាញដល់ភាគីនិយោជក និងកម្មករនិយោជិត ប្រសិនជាមានសំណូមពរ និងភាពចាំបាច់។ ក្រសួង នឹងដើរតួជាអ្នកសម្របសម្រួលឱ្យអស់លទ្ធភាពលើការចរចានេះ មុននឹងលើកលទ្ធផលចរចាគោរពស្នើសុំយោបល់សម្រេចពីប្រមុខរាជរដ្ឋាភិបាល»។
កាលពីឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមទឹកប្រាក់ចំនួន ២ ដុល្លារបន្ថែមទៀតពីលើទឹកប្រាក់ចំនួន ១៩២ ដុល្លារ ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់យកមកអនុវត្តនៅក្នុងឆ្នាំ ២០២២ ហើយប្រាក់ឈ្នួលគោលឆ្នាំ ២០២១ មានចំនួន ១៩២ ដុល្លារក្នុង ១ ខែ។
យ៉ាងណាសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២៣ ខាងមុខ នៅមិនទាន់ត្រូវបានបង្ហើបតួលេខឱ្យដឹងពីភាគីទាំង ៣ នោះទេ បន្ទាប់ពីកាលពីឆ្នាំ ២០២១ កន្លងទៅ ភាគីនិយោជក ធ្លាប់បានកំណត់តួលេខ ១៨៣,៤ ដុល្លារ រីឯនិយោជិតកំណត់តួលេខ ២១៤,២ ដុល្លារ ក្នុង ១ ខែ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ សីហាថា កាលពីថ្ងៃទី ៤ សីហា ភាគីសហជីពធំៗ តំណាងឱ្យកម្មករជិយោជិតបានជួបពិភាក្សាគ្នា ជុំវិញការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៣ ខាងមុខ។ ការជួបគ្នានេះ គឺដើម្បីពិនិត្យមើលទៅលើលទ្ធផលស្រាវជ្រាវពីតម្រូវការរស់នៅ និងការរៀនសូត្រអំពីការគណនាក្នុងការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៣ ដោយពិនិត្យទៅលើបទដ្ឋានច្បាប់ពាក់ព័ន្ធមួយចំនួន។
លោកបញ្ជាក់ថា៖ «យើងកំពុងប្រមូលតួលេខផ្សេងទៀតពីភាគីពាក់ព័ន្ធ ដូចជាក្រសួង និងស្ថាប័នអន្តរជាតិ ពេលទទួលបានតួលេខបឋមហើយ តែយើងមិនទាន់អាចបញ្ចេញបានទេ ដោយសារតែយើងខ្វះឯកសារខ្លះ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ យើងរង់ចាំក្រោយថ្ងៃ ១៥ សីហា នៅពេលផ្ទៀងផ្ទាត់រួច ក្រុមសហជីព នឹងមូលមតិគ្នា ជាមួយតួលេខដែលបានកំណត់ ហើយនឹងបញ្ចេញតួលេខហ្នឹង»។
ជាមួយនឹងការសិក្សានេះ លោក អាត់ ធន់ បានបង្ហាញពីផលវិជ្ជមាន ដែលសហជីព អាចសន្និដ្ឋានបានថា ប្រាក់ឈ្នួលរបស់កម្មករក្នុងឆ្នាំ ២០២៣ ខាងមុខ នឹងឡើងបានច្រើនជាងមុន ដោយផ្អែកលើកត្តា ៣ សំខាន់ៗ គឺទី ១ តម្រូវការរបស់កម្មករក្នុងពេលបច្ចុប្បន្នខ្ពស់ជាងមុន ដោយត្រូវចំណាយច្រើនជាងមុន ដែលជាហេតុតម្រូវឱ្យមានការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន។
លោកបន្តថា ទី ២ សហជីព មើលឃើញថា ស្ថានភាពក្នុងវិស័យឧស្សហកម្ម វាយនភណ្ឌកាត់ដេរនេះ គឺមានដំណើរការល្អ ដោយមានលក្ខណៈប្រសើរទាំងការនាំចេញ និងចង្វាក់ផលិតកម្ម និងទី ៣ គឺ ដោយសារតែជាឆ្នាំ នៃការបោះឆ្នោត ដូច្នេះអ្នកនយោបាយ គឺត្រូវរៀបចំគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការគាំទ្រ ហើយការដំឡើងប្រាក់ឈ្នួលរបស់កម្មករ ក៏ជាឱកាសមួយផងដែរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី ៧ សីហា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
តាមការកំណត់ក្នុងកាលវិភាគរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការកំណត់កិច្ចប្រជុំជាក់លាក់ ដើម្បីសម្រេចលើតួលេខថ្មីណាមួយ នឹងត្រូវធ្វើឡើងក្នុងអំឡុងខែកញ្ញា មុននឹងការប្រកាសជាផ្លូវការចំពោះប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំបន្ទាប់៕