គិតនៅត្រឹមព្រឹកនេះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមានសរុបមានចំនួន 4,430នាក់ ដែលបានបោះបង់ចោលការប្រឡង (គិតបូកយោងទាំងអវត្តមានថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១) ដែលស្មើនឹង 3.88% នៃបេក្ខជនសរុបទូទាំងប្រទេស។
តាមការសង្កេត យើងមើលឃើញមានហេតុផលបួន ដែលធ្វើឲ្យបេក្ខជន បានបោះបង់ចោលការប្រឡង៖
- ពួកគេរៀបការរួចមានមុខរបរ
- មិនទាន់រៀបការ តែមានមុខរបរ
- បោះបង់ចោលការសិក្សា ដេីម្បីជួយការងារឪពុកម្តាយ ព្រោះកូវីដ ធ្វេីអោយប៉ះពាល់ចំណូលខ្លាំង
- រៀនតាមអនឡាញ ធ្វេីអោយពួកគេពិបាកចាប់បាន រួចក៏បោះបង់ ឬ អាចនិយាយថាពួកគេដេកចាំជាប់ អូតូ ដូចឆ្នាំមុន ។
សូមរំលឹកថា ការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤,១៨៣នាក់ ស្រី ៦០,៣៩៧នាក់។ ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រឡងនៅឆ្នាំនេះ មិនមានការលើកលែង ឬអនុគ្រោះណាមួយនោះឡើយ ទាំងក្របខណ្ឌវិញ្ញាសាប្រឡង និងក្រឹត្យក្រមផ្សេងៗ នៅតែរក្សាភាពម៉ឺងម៉ាត់ដដែល។
សម្រាប់លោក ហង់ជួន ណារ៉ុន ការកំណត់បែបនេះ គឺលោកមិនចង់ឱ្យមានការបែងចែកកម្រិតសញ្ញាបត្របាក់ឌុបក្នុងបរិបទកូវីដ១៩ និងសញ្ញាបត្របាក់ឌុបមិនមានកូវីដ១៩នោះទេ៕