បន្ទាប់ពីកីឡាករពហុជំនាញជនជាតិអៀរឡង់ McGregor បង្ហាញពីចេតនារបស់ខ្លួនដែលចង់សាកល្បងសមត្ថភាពជាមួយខ្លាកំណាចហ្វីលីពីន Manny Pacquiao តាមរយៈគណនី Twitter របស់ខ្លួនរួចមក ខាងភាគី Manny Pacquiao ឯនេះវិញ មិនត្រឹមតែមិនបានបដិសេធនោះទេ ប៉ុន្តែបានឆ្លើយតបវិញជាវិជ្ជមានចង់ជួយសម្រេចបំណងរបស់ McGregor ផងដែរ។
យោងតាមការចេញផ្សាយរបស់The Guardian បានដកស្រង់សំដីរបស់លោកJayke Josonដែលជាជំនួយការហើយក៏ជាមនុស្សជំនិតជាមួយ Pacquiao បានឱ្យដឹងថា ពួកគេទាំងពីរសុទ្ធតែបានត្រៀមខ្លួនរួចរាល់សម្រាប់ការជួបគ្នានៅក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍ស្តីពីESPNបានដកប្រសាសន៍របស់ លោកAudie Attarជាអ្នកចាត់ការទូទៅរបស់ McGregor បានឱ្យដឹងថា ការពិភាក្សាអំពីការប្រយុទ្ធរបសPacquiao និងMcGregor កំពុងតែដំណើរការហើយ។ ចំពោះកាលបរិច្ឆេតនៃការប្រកួតគេមិនទាន់បញ្ជាក់ឱ្យច្បាស់នោះទេ ប៉ុន្តែវាអាចនឹងកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០២០ នេះ(ភាគរយតិចតួច) ឬខែមករាដើមឆ្នាំ ២០២១ ទីតាំងនៅមជ្ឈិមបូព៌ា។ ទោះបីយ៉ាងណា សម្រាប់ Pacquiao បាននិយាយថាពួកគេកំពុងរំពឹងការត្រឡប់មកប្រកួតវិញនៅឆ្នាំក្រោយច្រើនជាង។
ប៉ុន្តែរឿងដ៏គួរឱ្យចាប់អារម្មណ៍គឺ កំពូលកីឡាប្រដាល់ដ៏ឆ្នើម និងជាសមាជិកសភាហ្វីលីពីនរូបនេះបានបញ្ជាក់ថា ប្រាក់ដែលទទួលបានពីការប្រកួតនេះគឺលោក នឹងយកប្រាក់ដែលរកបានទៅបរិច្ចាគជួយដល់ប្រជាជនទូទាំងប្រទេសហ្វីលីពីន ដែលរងគ្រោះដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩ ដែលនេះគឺជាគំរូដ៏គួរឱ្យគោរពកោតសរសើរមួយរបស់មេដឹកនាំ។
យ៉ាងណាមិញ សម្រាប់លោកPacquiao យល់ឃើញថា នៅខណៈពេលដែលវីរុសកូវីដ១៩កំពុងតែរាតត្បាត ការប្រកួតផ្សេងៗប្រហែលជាមិនមែនជាពេលវេលាដែលសមស្របនោះទេ ព្រោះលោកកំពុងតែផ្ដោតទៅលើការផ្ដល់ទីជម្រកផ្សេងៗជូនដល់ប្រជាជនក្រីក្រ ផ្ដល់ជាថវិកា ស្បៀងអាហារ និងតម្រូវការចាំបាច់ផ្សេងទៀតទៅដល់ប្រជាជនហ្វីលីពីន។