Alynana Media Cambodia
Icon Collap
clinic narit

ធនាគារ «ABA» បន្ថែមដើមទុន ២២០លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

Media LNN | Sep 19, 2024
ធនាគារ «ABA» បន្ថែមដើមទុន ២២០លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
Clinic narith

 

 

(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន ២២០លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ការបន្ថែមថ្មីនេះ បានធ្វើឲ្យមូលធនសរុបរបស់ភាគហ៊ុនិក សម្រេចឈានដល់ ២.២ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា។ ការសម្រេចចិត្តរបស់ភាគហ៊ុនិកក្នុងការបង្កើនដើមទុននេះ គឺជាការគាំទ្រប្រកបដោយអានុភាពដល់មាគ៌ារីកចម្រើនរបស់ធនាគារ ABA និងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

រាល់ប្រាក់ចំណេញទាំងអស់ ភាគហ៊ុនិកមិនដែលដកចេញពី ABA មួយកាក់មួយសេនចេញឡើយ។ ផ្ទុយទៅវិញ ពួកគេបន្តដាក់ប្រាក់ចំណេញរបស់ពួកគេទាំងអស់ទៅក្នុង ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។

ជំរុញដល់ស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៖
ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ ABA ឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ សម្រាប់កំណើនប្រកបដោយចីរភាព និងនវានុវត្តផងដែរ។ ជាមួយនឹងមូលដ្ឋានដើមទុនកើនឡើងដ៏ធំនេះ ធនាគារស្ថិតក្នុងជំហរដ៏រឹងមាំ អាចគ្រប់គ្រងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយធានាបាននូវស្ថិរភាព និងភាពធន់របស់ខ្លួន ក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។

ដើមទុនថ្មីនេះនឹងពន្លឿនបន្ថែមដល់ការវិនិយោគរបស់ ABA នៅក្នុងបច្ចេកវិទ្យាទំនើប ពង្រឹងសេវាធនាគារឌីជីថលរបស់ខ្លួន និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។ ដោយផ្តោតលើផ្នែកអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ ខណៈដែលខ្លួនបន្តបម្រើអតិថិជន ជាមួយសេវាធនាគារកាន់តែងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាលំដាប់។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា «ការបង្កើនដើមទុននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងសេដ្ឋកិច្ចជាតិ ដោយសារទំនុកចិត្តជាបន្តបន្ទាប់របស់ភាគហ៊ុនិកយើង មកលើប្រទេសកម្ពុជា និងលើ ABA ផ្ទាល់។ ការបន្ថែមដើមទុននេះអាចឲ្យយើងបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម រក្សាការវិនិយោគជាបន្ដបន្ទាប់លើបច្ចេកវិទ្យាទំនើបៗ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឯក ខណៈដែលខ្លួនកំពុងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា»។

ការរួមវិភាគទានជាបន្ដបន្ទាប់ទៅក្នុងសេដ្ឋកិច្ចជាតិ៖
ធនាគារ ABA ក៏ប្រតិបត្តិខ្លួនជាពលរដ្ឋសាជីវកម្មគំរូមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៩មក។

ការទទួលស្គាល់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ABA ចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មល្អ។ ធនាគារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា ដោយបង់ពន្ធយ៉ាងពេញលេញ និងមានតម្លាភាព១០០%។ ធនាគារក៏មានកិត្តិយសទទួលបានលិខិតថ្លែងអំណរគុណ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២២ សម្រាប់ជាការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

គិតតែលើឆ្នាំ ២០២៣ ABA បានបង់ពន្ធលើប្រាក់ចំណូល និងចំណាយលើពន្ធផ្សេងៗទៀត ប្រមាណ ៨៥លានដុល្លារ​។ ហើយគិតត្រឹម ៨ខែដំបូងនៃឆ្នាំ២០២៤ ធនាគារបានបង់ពន្ធជូនរដ្ឋរួចរាល់ប្រមាណ៨០ លានដុល្លារ។ សរុបពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤មក ABA បានរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណ ៤៤៦លានដុល្លារ ដោយថវិកាទាំងនេះបានរួមចំណែកគាំទ្រដល់គំនិតផ្ដួចផ្ដើមនានា របស់រដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល។

ការវិនិយោគជាយុទ្ធសាស្ដ្រលើការអភិវឌ្ឍធនធានមនុស្ស៖
កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបានមិនមែនអាស្រ័យលើត្រឹមហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង ៩,៣០០ ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌ នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការវិនិយោគជាបន្តបន្ទាប់របស់ ABA ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ធានាថា បុគ្គលិករបស់ខ្លួនត្រូវ បានបំពាក់បំប៉នជាមួយនឹងជំនាញយ៉ាងច្បាស់លាស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលបន្ដកើនឡើង និងបញ្ហាប្រឈមនៃទិដ្ឋភាព ហិរញ្ញវត្ថុដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សិក្ខាសាលាពង្រឹងជំនាញ និងឱកាសនានាសម្រាប់វឌ្ឍនភាពការងារ ធនាគារគាំទ្រការអភិវឌ្ឍន៍ខ្លួន និងវិជ្ជាជីវៈរបស់បុគ្គលិក ដោយពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការជំរុញការច្នៃប្រឌិត និងផ្តល់សេវាកម្មកម្រិតខ្ពស់បំផុតជូនអតិថិជន។ កម្លាំងដ៏រឹងមាំ គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើប បានធ្វើឲ្យ ABA រក្សាតំណែងជាធនាគារនាំមុខនៅលើទីផ្សារ និងបន្តកំណត់ស្តង់ដារថ្មីៗ នៅក្នុងឧស្សាហកម្មធនាគាររបស់កម្ពុជា។

អំណរគុណចំពោះទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន៖
ការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ធនាគារ នៅក្នុងកំណើនមូលដ្ឋានអតិថិជន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តភាព។ បច្ចុប្បន្ននេះធនាគារ ABA បម្រើអតិថិជនជាង ៤លាន ដោយក្នុងនោះ ៣.៨លាន ជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile។ កំណើនយ៉ាងឆាប់រហ័សនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីជំនឿចិត្ត និងទំនុកចិត្ត ដែលអតិថិជនខ្មែរយើងមានមកលើធនាគារ។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អតិថិជនគ្រប់រូបសម្រាប់ការបន្តស្រឡាញ់គាំទ្រឥតងាករេ និងការប្តេជ្ញាចិត្តរបស់ពួកគេដែលបានក្លាយជាចលករដ៏សំខាន់មួយក្នុងការពង្រឹងជំហររបស់ ABA ក្នុងនាមជាធនាគារឌីជីថលឈានមុខគេនៅក្នុងប្រទេស។

ការពង្រីកវត្តមានទីផ្សារ និងឧត្តមភាពប្រកួតប្រជែង៖
ជាមួយនឹងដើមទុនបន្ថែមនេះ ធនាគារ ABA ត្រៀមរួចរាល់ក្នុងការពង្រឹង និងពង្រីកឧត្តមភាពរបស់ខ្លួនបន្ថែមទៀត នៅក្នុងវិស័យធនាគារនៅកម្ពុជាដែលពោរពេញដោយការប្រកួតប្រជែង។ ធនាគារបន្តបង្ហាញភាពល្អឯកលេចធ្លោរបស់ខ្លួន ជាមួយនឹងផលិតផលហិរញ្ញវត្ថុនវានុវត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ឌីជីថល។ ខណៈដែលខ្លួនបន្តពង្រីកវត្តមាន និងសមត្ថភាពជាលំដាប់ ធនាគារ ABA នៅតែយកចិត្តទុកជានិច្ចដាក់ ចំពោះបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន និងរួមចំណែកដល់វឌ្ឍនភាពរបស់ប្រទេសជាតិទាំងមូល។

កំណើនរបស់ធនាគារ ABA ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់ប្រទេស។ ធនាគារត្រៀមខ្លួនជានិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន ដោយពង្រឹងតួនាទីរបស់ខ្លួនជាគ្រឹះស្ថានផ្ដល់សេវាធនាគារជាទីទុកចិត្ត និងសុវត្ថិភាពបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជារួមមក ខណៈដែលខ្លួនបន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ធនាគារ ABA ប្ដេជ្ញាគាំទ្រជានិច្ចដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយធានាថា ABA នៅតែនាំមុខគេក្នុងវិស័យសេវាហិរញ្ញវត្ថុរបស់ប្រទេសយើង ដោយផ្តល់នូវគុណតម្លៃ និងគុណប្រយោជន៍ដល់ភាគហ៊ុនិក អតិថិជន និងសហគមន៍ទាំងមូល៕