Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុម័តប្រាក់កម្ចី៥០លានដុល្លា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច

Admin Alynana | Dec 06, 2022
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុម័តប្រាក់កម្ចី៥០លានដុល្លា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច
Clinic narith

 

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី​ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។

កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់​កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ​ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង ​និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន ​និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និង​សម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។

កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់​ក្រុម​ហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ​ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាល​បានអនុម័តច្បាប់វិនិយោគថ្មី ​ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្ន​ក​វិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បី​អាចឱ្យការចេញអាជ្ញាប័ណ្ណ​អាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវ​លទ្ធភាព​ទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយមន័យ​ផ្លូវ​ច្បាប់​នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិ​ដោយ​រាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ ​និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។

កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹង​ការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់​ធុរកិច្ចកម្ពុជា​ក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ​ទាក់ទងនឹងកំណែទម្រង់ ​ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕