Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងកាត់បន្ថយបុគ្គលិក ១ម៉ឺននាក់ ក្រោយរងគ្រោះពីបញ្ហាសេដ្ឋកិច្ចសកល

Admin Alynana | Nov 16, 2022
ក្រុមហ៊ុនយក្សអាមេរិក Amazon គ្រោងកាត់បន្ថយបុគ្គលិក ១ម៉ឺននាក់ ក្រោយរងគ្រោះពីបញ្ហាសេដ្ឋកិច្ចសកល
Clinic narith

នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកបាននិងកំពុងប្រឈមជួបបញ្ហាប្រឈមជាច្រើន ដូចជាក្រុមហ៊ុនMeta របស់ហ្វេសប៊ុក និងក្រុមហ៊ុន Twitter ជាដើមសុទ្ធតែកំពុងជួបវិបត្តិហិរញ្ញវត្ថុ រហូតដល់ការកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់។ រលករិបត្តិហិរញ្ញវត្ថុនេះ ក៏បាននឹងកំពុងកើតឡើងលើក្រុមហ៊ុន Amazon ដែរ ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សរបស់អាមេរិកមួយនេះ គ្រោងកាត់បន្ថយបុគ្គលិករហូតដល់ ១ម៉ឺននាក់ឯណោះ ដែលនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងសប្តាហ៍នេះតែម្ដង។

បើតាមការចុះផ្សាយរបស់ The New York Times ដែលបានដកស្រង់ចេញពីប្រភពដែលដឹងរឿងនេះបានបញ្ជាក់ថា គម្រោងកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុនអាមេរិក Amazon គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ខ្លួន ដោយវានឹងប៉ះពាល់ផ្នែកឧបករណ៍ ផ្នែកលក់រាយ និងផ្នែកធនធានមនុស្សរបស់ Amazon។ ទោះយ៉ាងណា ចំនួនបុគ្គលិកដែលនឹងត្រូវបញ្ឈប់ពីការងារ ១ម៉ឺននាក់នេះ គឺស្មើនឹង ៣% នៃចំនួនបុគ្គលិក Amazon និងតិចជាង ១% នៃកម្លាំងពលកម្មសាកលរបស់ក្រុមហ៊ុន។

យ៉ាងណាក៏ដោយចុះ មកទល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រុមហ៊ុន Amazon មិនទាន់បានប្រកាសផ្លូវការណាមួយអំពីការកាត់បន្ថយបុគ្គលិកនេះនៅឡើយទេ។

សូមជម្រាបដែរថា ក្រុមហ៊ុន Amazon បានផ្អាកជ្រើសរើសបុគ្គិលកថ្មីៗ និងផ្អាកការពង្រីកឃ្លាំងស្តុករបស់ខ្លួនជាច្រើនរួចមកហើយ ព្រោះតែក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកន្លងទៅ គឺក្រុមហ៊ុនបានរើសបុគ្គលិកយ៉ាងច្រើនហូរហៀរ ដើម្បីឆ្លើយតបតម្រូវការដ៏ខ្ពស់បំផុតនៃសេវាទិញទំនិញងតាមអនឡាញនាពេលនោះ។ ជាមួយគ្នានេះដែរ Amazon ក៏បានបិទផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួន និងលុបចោលគម្រោងធំៗទៀតផងដែរ ដូចជាគម្រោងធ្វើមនុស្សយន្តសម្រាប់ដឹកជញ្ជូនជាដើម។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយការចំណាយ ដែលនឹងផ្តោតនៅក្នុងការពិនិត្យនៃប្រតិបត្តិការអាជីវកម្មប្រចាំឆ្នាំរបស់ខ្លួន។

កាលពីខែមុន នៅពេលរាយការណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុក ក្រុមហ៊ុន Amazon បានព្រមានថា ការលក់នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំនេះ ដែលមានពិធីបុណ្យធំៗដូចជា Halloween, Thanksgiving និងគ្រីសម៉ាស នឹងមានកម្រិតទាបដោយសារតែបញ្ហាអតិផរណាខ្ពស់ និងការថយចុះតម្រូវការរបស់អតិថិជន។

គួដឹងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក បានសម្រេចកាត់បន្ថយបុគ្គលិកដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចំនួន ១១ ០០០នាក់ ស្មើនឹង ១៣% នៃកម្លាំងពលកម្មសរុប។ ចំណែក Twitter ក្រោមការដឹកនាំថ្មីរបស់លោក Elon Musk បានសម្រេចកាត់បន្ថយបុគ្គលិកប្រមាណពាក់កណ្តាលឯណោះ។

យោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុន Challenger, Gray & Christmas បានឱ្យដឹងថា គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិក បានកាត់បន្ថយបុគ្គលិកជាង ២៨.០០០នាក់ហើយ ពោលគឺច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំមុន៕