Alynana Media Cambodia
Icon Collap
clinic narit

ទីបំផុតនាយកសារព័ត៌មាន Angkor Today ដែលចេញផ្សាយថាកម្ពុជាលក់វ៉ាក់សាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ

Admin Alynana | Feb 24, 2021
ទីបំផុតនាយកសារព័ត៌មាន Angkor Today ដែលចេញផ្សាយថាកម្ពុជាលក់វ៉ាក់សាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ
Clinic narith

(ភ្នំពេញ)៖ នៅទីបំផុតនាយកសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

នាយកសារព័ត៌មាន Angkor Today ដែលត្រូវចាប់ខ្លួនមានឈ្មោះ SHEN KAIDONG ជាជនជាតិចិន មានទីស្នាក់ការនៅខេត្តសៀមរាប។ សារព័ត៌មាន Angkor Today នេះមានឈ្មោះពីមុនជា Angkor Times ដែលស្ថិតក្រោមការគ្រប់គ្រងម្ចាស់តែម្នាក់។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបន្ថែមថា បន្ទាប់ពីចាប់ខ្លួនជនជាតិចិនរូបនេះ សមត្ថកិច្ចនឹងបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ការចាប់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសារព័ត៌មាននេះ បានផ្សព្វផ្សាយតាមបណ្តាញ Wechat ថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន» ហើយភ្លាមៗក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសច្រានចោលទាំងស្រុងផងដែរចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានមួយនេះ៕

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Today ជារឿងផ្តេសផ្តាស។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។

អ្នកនាំពាក្យរូបនេះ បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា៕