ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើមុខងារសុខភាពថ្មីៗ សម្រាប់កាស់ឥតខ្សែ AirPods ជំនាន់ក្រោយរបស់ខ្លួន បូករួមនឹងការផ្លាស់ប្ដូរមកប្រើប្រាស់ខ្សែសាកថ្មប្រភេទ USB-C។ មុខងារថ្មីៗចំនួនពីរគឺ ការធ្វើតេស្តលើកម្រិតនៃការស្តាប់ និងវាស់សីតុណ្ហភាពរាងកាយតាមរយៈរន្ធត្រចៀក ដែលនឹងផ្ដល់ជាជំនួយដល់អ្នកប្រើប្រាស់ថា តើពួកគេកំពុងក្ដៅខ្លួន ឬកម្រិតសំឡេងបែបណា ទើបសាកសមចំពោះអ្នកដែលមានបញ្ហាត្រចៀក នេះបើយោងតាមការរាយការណ៍របស់លោក Mark Gurman ដែលជាអ្នកកាសែតរបស់ Bloomberg។AirPods មានមុខងារតម្រូវកម្រិតសំឡេងសម្រាប់អ្នកខ្សោយត្រចៀករួចមកហើយ ប៉ុន្តែវាបានពឹងពាក់កម្មវិធីភាគីទី៣ ដូចជា Mimi ដើម្បីជំនួយដល់ audiogram ក្នុងការលៃលកកម្រិតសំឡេងឱ្យសមស្របទៅតាមត្រចៀកឆ្វេងឬស្ដាំ ដែលមានបញ្ហាខ្សោយ។
ដូច្នេះបើ Apple អាចធ្វើតេស្ដកម្រិតស្ដាប់ដោយខ្លួនឯងបាន វានឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុនថែមទៀត។ Apple កំពុងទាញយកអត្ថប្រយោជន៍ពីការអនុម័តរបស់ FDA នាពេលថ្មីៗនេះ ដែលបានកំណត់ថា ឧបករណ៍ស្តាប់ អាចលក់បានដោយមិនចាំបាច់មានការត្រួតពិនិត្យ និងវេជ្ជបញ្ជា។
នេះមានន័យថា Apple ទំនងជាចង់ប្រើប្រាស់ AirPods Pro ជាជម្រើសជំនួសឧបករណ៍ជំនួយការស្តាប់។ មុខងារ AirPods ថ្មីផ្សេងទៀតដែល Apple កំពុងធ្វើការ គឺការវាស់សីតុណ្ហភាពរាងកាយតាមរយៈកាសស្តាប់ត្រចៀក។ ឧបករណ៍ចាប់សញ្ញាសីតុណ្ហភាពនេះ គឺជាមុខងារពិសេសមួយដែលក្រុមហ៊ុនបានណែនាំរួចមកហើយ ជាមួយនាឡិកា Series 8 និង Watch Ultra។ ចំពោះមូលហេតុដែល Apple ចម្លងមុខងារនេះទៅលើ AirPods ព្រោះពួកគេយល់ថា ឧបករណ៍ចាប់សីតុណ្ហភាពពីរន្ធត្រចៀក មានភាពច្បាស់លាស់ជាងនៅលើ កដៃ។ មុនងារទាំង២ ទំនងជានឹងមានមកជាមួយ iOS 17 ប៉ុន្តែលោក Mark Gurman បាននិយាយថា វានឹងត្រូវការពេលរាប់ខែ ឬឆ្នាំ ដើម្បីទៅដល់អ្នកប្រើប្រាស់គ្រប់គ្នា៕