(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន (ARF DOD) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ស្អែកនេះ។
កិច្ចសន្ទនានេះ ដឹកនាំឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយក នាយកដ្ឋានកិច្ចការអាស៊ាន ដោយមានការផ្តល់សន្ទរកថាគន្លឹះស្វាគមន៍ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រោមមូលបទ «សាមគ្គីដើម្បីសន្តិសុខ ប្រកបដោយសុខដុម»។
កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន នឹងមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសក្រៅអាស៊ានដែលជាសមាជិកវេទិកាតំបន់អាស៊ាន និងដៃគូអាស៊ានដូចជា៖ អូស្ត្រាលី, បង់ក្លាដេស, កាណាដា, ចិន, ឥណ្ឌា, ជប៉ុន, នូវែលហ្សេឡង់, សាធារណរដ្ឋកូរ៉េ, រុស្ស៊ី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាពួញូជីនៀ, ស្រីលង្កា, ទីម័រខាងកើត, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើប្រធានបទចំនួន៣ ដូចជា៖
*ទី១៖ តួនាទីសា្ថប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩
*ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងការពារជាតិក្រោយវិបត្តិកូវីដ១៩
*ទី៣៖ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់៕