ចិន៖ មន្ត្រីចិនម្នាក់បាននិយាយនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ក្នុងគ្រាដែលមានបញ្ហាប្រឈមបណ្តាលមកពីវិបត្តិកូវីដ១៩, អាស៊ាន (ASEAN) បានក្លាយជាដៃគូពាណិជ្ជកម្មដ៏កំពូលរបស់ប្រទេសចិន។
ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក លី ចេងកាង (Li Chenggang) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «សេដ្ឋកិច្ចនៅជុំវិញពិភពលោកកំពុងជួបប្រទះនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មអន្តរជាតិដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។ ប៉ុន្តែចិននិងអាស៊ានបានដោះស្រាយផលប៉ះពាល់នេះដោយមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងល្អប្រសើរ។»
ទិន្នន័យបានបង្ហាញថានៅក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានកើនឡើង៣,៨%បើធៀបទៅនឹងឆ្នាំមុនពោលគឺឡើងដល់៤១៦.៥ពាន់លានដុល្លារអាមេរិកដែលស្មើនឹង១៤,៦%នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។
ទន្ទឹមនឹងនោះ នៅក្នុងឆមាសទី១ឆ្នាំនេះ, ការវិនិយោគរបស់ចិននៅក្នុងប្រទេសសមាជិកអាស៊ានក៏បានកើនឡើង៥៣,១%ផងដែរពោលគឺមានចំនួន៦.២៣ពាន់លានដុល្លារអាមេរិក៕